ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) នេះ បានបញ្ជាក់ថា ការទិញប្រេង ពីរុស្ស៊ី គឺ «ស្របច្បាប់» ហើយបានរិះគន់ «ការសម្លុតកំហែងជាឯកតោភាគី» ពីសំណាក់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតី លោក ដូ Donald Trump ជំរុញឲ្យប្រទេសនានាបញ្ឈប់ការទិញប្រេងពីទីក្រុងមូស្គូ ដោយសារការឈ្លានពានលើអ៊ុយក្រែន។
លោក Trump បាននិយាយកាលពីថ្ងៃពុធថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសន្យាថា ទីក្រុង New Delhi នឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដោយបន្ថែមថា លោកនឹងធ្វើឲ្យប្រទេសចិនអនុវត្តតាមដែរ។ ឥណ្ឌាមិនបានបញ្ជាក់ ឬបដិសេធថា ខ្លួនបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឡើយ។

លោក Trump បានចោទប្រកាន់ទាំងចិន និងឥណ្ឌាថា បានផ្តល់មូលនិធិដល់សង្គ្រាម នៅអ៊ុយក្រែន តាមរយៈការទិញនេះ ហើយថែមទាំងបានទាមទារឲ្យសម្ព័ន្ធមិត្តអឺរ៉ុបបញ្ឈប់ការទិញប្រេងពីរុស្ស៊ីជាបន្ទាន់
នៅពេលត្រូវបានសួរ នៅថ្ងៃព្រហស្បតិ៍នេះ អំពីគោលបំណងរបស់លោក Trump ក្នុងការដាក់សម្ពាធលើចិនបន្ថែមទៀត ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បាននិយាយការពារ «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពលថា ជាការធ្វើពាណិជ្ជកម្មធម្មតា និងស្របច្បាប់ ជាមួយបណ្តាប្រទេស ជុំវិញពិភពលោក ក្នុងនោះរួមទាំងប្រទេសរុស្ស៊ីផងដែរ»។
អ្នកនាំពាក្យក្រសួង លោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «វិធានការរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍ធម្មតានៃការគំរាមកំហែងជាឯកតោភាគី និងការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច" ។
លោកបានព្រមានថា ប្រសិនបើផលប្រយោជន៍របស់ចិន ត្រូវបានប៉ះពាល់នោះ ខ្លួននឹង «ចាត់វិធានការតបតយ៉ាងរឹងមាំ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់»៕

