អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូ ទុកចិត្តលើសេចក្តីថ្លែងការណ៍ជាសាធារណៈចេញដោយទីក្រុងញូវដែល្លី និងទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការទិញប្រេងរុស្ស៊ី ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ប្រទេសឥណ្ឌា និងប្រទេសចិន នឹងឈប់ទិញប្រេងរុស្ស៊ី ។
ឥណ្ឌា និងចិន នៅពុំទាន់បានបញ្ជាក់ជាផ្លូវការនោះទេចំពោះការពោលអះអាងរបស់លោក Trump ។

តម្លៃប្រេងបានហក់ឡើង ប្រហែល ១ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយលោក Trump និយាយថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi សន្យាថា ប្រទេសរបស់លោកនឹងឈប់ទិញប្រេងពីរុស្ស៊ី គឹជាចំណាត់ការមួយនឹងអាចបង្ហូរការផ្គត់ផ្គង់ទៅកន្លែងផ្សេង ។
ការអត្ថាធិប្បាយរបស់លោក Trump បានផ្តល់ការគាំទ្រដ៏ចាំបាច់បំផុតសម្រាប់វិស័យប្រេង ដែលត្រូវបានរង្គោះរង្គើដោយសារភាពតានតឹងពាណិជ្ជកម្មយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន និងមានក្ដីបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការដែលធ្វើឲ្យប្រេងចុះថោក នៅដើមសប្តាហ៍នេះ ។
នៅពេលសួរពីការពោលអះអាងរបស់លោក Trumpថា ឥណ្ឌា នឹងចិន នឹងបញ្ឈប់ការពេញប្រេងរុស្ស៊ីនោះ លោក Peskov និយាយថា ពួកយើងទុកចិត្តសេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសឥណ្ឌា ។ មាននូវសេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងផងដែរ ។ សេចក្តីថ្លែងការណ៍ទាំងនេះ មានចំពោះអ្នករាល់គ្នា ដូច្នេះហើយ ពួកយើងទុកចិត្តលើសេចក្តីថ្លែងការណ៍ទាំងនេះ ៕
