នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែលនឹងសម្រេចគោលដៅទាំងអស់នៅក្នុងសង្រ្គាមហ្កាហ្សា ដែលពួកគេកំណត់សម្រេចឲ្យបាន ។
ថ្លែងនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធទាហានស្លាប់អំឡុងជម្លោះរយៈពេល ២ឆ្នាំជាមួយក្រុមជីវពលហាម៉ាស លោក Netanyahu និយាយផងដែរថា សត្រូវអ៊ីស្រាអែលដឹងច្បាស់ថា អ្នករាល់គ្នាដែលលើកដៃប្រឆាំងជាមួយអ៊ីស្រាអែល ពួកគេនឹងត្រូវសងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ខណៈពេលនោះដែរ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា សង្រ្គាមក្នុងតំបន់ហ្កាហ្សា នៅតែមិនទាន់ចប់នោះទេ បើទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសក្ដែងៗកាលពីដើមសប្តាហ៍នេះថា សង្រ្គាមចប់ហើយក៏ដោយ រួមទាំងលិខិតមួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅកាន់គ្រួសារចំណាប់ថ្នូរ ដែលនិយាយថា សង្គ្រាមបានបញ្ចប់ ។
មន្ត្រីរូបនោះដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពេលនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ។ លោកថា បើដំណាក់កាលបទឈប់បាញ់ទាំងអស់មិនទាន់បំពេញឱ្យចប់ នោះសង្រ្គាមក៏មិនទាន់ចប់នោះដែរ ។
យោធាអ៊ីស្រាអែលនិយាយថា ទាហានអ៊ីស្រាអែលជិត ១ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងនៅក្នុងសង្រ្គាមរយៈពេល ២ឆ្នាំ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ។ ចំណែកឯទាហានអ៊ីស្រាអែលជាង ៦ពាន់នាក់ផ្សេងទៀត បានរងរបួស ៕
