សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានលោក Jake Sullivan បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួននៅទីបំផុត បើប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ មន្ត្រីអាមេរិកមួយរូបដែលបានដឹងផ្ទាល់ពីការវាយតម្លៃចុងក្រោយបំផុតរបស់រដ្ឋាភិបាល បាននិយាយកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ខណៈភាពតានតឹងកើនឡើងនៅក្នុងតំបន់ថា រុស្ស៊ីបានប្រមូលផ្ដុំកងកម្លាំង ៧០ភាគរយរួចហើយដែលខ្លួនត្រូវការ ដើម្បីធ្វើប្រតិបត្តិការលុកលុយពេញលេញលើអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយរុស្ស៊ីកាលពីសប្តាហ៍មុន ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូ ដោយបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការកើនឡើងភាពតានតឹង និងបានបង្ហាញការគាំទ្រចំពោះការទាមទាររបស់វិមានក្រឹមឡាំងឲ្យមានការធានាសន្តិសុខ។ លោក Sullivan បាននិយាយនៅកម្មវិធី "Meet the Press" របស់ទូរទស្សន៍ NBC ថា យើងជឿថា ក្រុងប៉េកាំងនឹងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន ចំពោះការឈ្លានពានចូលអ៊ុយក្រែនពីសំណាក់រុស្ស៊ី ហើយថា ប្រទេសទាំង២ គួរតែគិត ពួកគេពិចារណាការចូលរួមរបស់ពួកគេជាមួយរដ្ឋាភិបាលរុស្ស៊ីក្នុងរយៈពេលពីរ ឬបីសប្តាហ៍ខាងមុខ។
ការព្រមាននេះមានឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបលោកប្រធានាធិបតីចិន Xi Jinping ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ស្របពេលភាពតានតឹងនៅអ៊ុយក្រែន។ លោក Putin បានទៅដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងជួបពិភាក្សាជាមួយសមភាគីចិន ខណៈមេដឹកនាំទាំង២ រួមគ្នាទប់ទល់នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ សហរដ្ឋអាមេរិកបានព្រមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា រុស្ស៊ីនឹងប្រឈមការរងទណ្ឌកម្មធ្ងន់ធ្ងរជុំវិញភាពជាប់គាំងបញ្ហាអ៊ុយក្រែន។ រដ្ឋបាលលោក Biden បាននិយាយកាលពីប៉ុន្មានសប្ដាហ៍មុនថា ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនអាចនឹងកើតមាន ទោះបីជារុស្ស៊ីច្រានចោលម្ដងហើយម្ដងទៀតក៏ដោយ៕
អត្ថបទ៖ សុខមាន