ប្រភពចំនួន ៣ បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) នេះថា រោងចក្រចម្រាញ់ប្រេងមួយចំនួនរបស់ឥណ្ឌា កំពុងរៀបចំត្រៀមកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ឥណ្ឌាបានផ្តល់ការធានាថា ខ្លួននឹងបញ្ឈប់ការទិញរបស់ខ្លួន ដើម្បីជួយបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។
ប្រទេសឥណ្ឌា និងចិន គឺជាអ្នកទិញដ៏ធំបំផុតនូវប្រេងឆៅដឹកតាមសមុទ្ររបស់រុស្ស៊ី ដោយទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះតម្លៃ ដែលរុស្ស៊ីត្រូវបានបង្ខំចិត្តធ្វើដូច្នេះ បន្ទាប់ពីបាត់បង់ប្រតិបត្តិការលក់ទៅអឺរ៉ុប ក្រោយទីក្រុងមូស្គូលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ប្រភពដែលបានដឹងអំពីបញ្ហានេះ បានឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា កំពុងរៀបចំត្រៀមបញ្ឈប់ការពឹងលើប្រេងរុស្ស៊ីសន្សឹមៗ ដោយលទ្ធភាពទម្លាក់កម្រិតទិញអាចចាប់ពីខែធ្នូតទៅ ដោយសារការបញ្ជាទិញសម្រាប់ខែវិច្ឆិកា ត្រូវបានធ្វើរួចហើយ។
ដោយបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតិឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះ ប្រភពទាំងនោះបានបញ្ជាក់ថា យ៉ាងណាក្ដី ក្រុមហ៊ុនចម្រាញ់ប្រេងមិនត្រូវបានរដ្ឋាភិបាលជូនដំណឹងជាផ្លូវការឲ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ីឡើយ៕