យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីហេតុការណ៍ផ្ទុះមានគោលដៅលើរថយន្តគ្រប់គ្រងដោយរដ្ឋាភិបាលមួយគ្រឿងនៅទីក្រុង Deir Az Zor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ។
ទីភ្នាក់ងារ SANA បានរាយការណ៍នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xនាថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែកបានផ្ទុះឡើង ពេលដែលរថយន្តក្រុងរបស់ក្រសួងថាមពលស៊ីរី ធ្វើដំណើរលើផ្លូវហាយវ៉េ តភ្ជាប់ទីក្រុង Deir Az Zor និងទីក្រុង al-Mayadin ។
មនុស្សស្លាប់ទាំង ៤នាក់ គឺជាសន្តិសុខនៅទីតាំងប្រេង ស្ថិតក្នុងទីក្រុង Deir Az Zor ដែលជាតំបន់សម្បូរប្រេងរបស់ប្រទេសស៊ីរី និងជាទីក្រុងធំបំផុតទី ៧ ធ្លាប់មានសង្រ្គាមដ៏ខ្លាំងក្លាជាមួយក្រុម ISIS អំឡុងសង្រ្គាមស៊ីវិលស៊ីរី ។
ទីភ្នាក់ងារ SANA រាយការណ៍ដោយពុំបានផ្តល់សេចក្តីលម្អិតបន្ថែមថា កម្មករនៅទីតាំងប្រេងខាងលើ ក៏ដូចជាជនស៊ីវិល ស្ថិតក្នុងចំណោមអ្នករងរបួសនៅការវាយប្រហារនេះ ។
រូបភាពវីដេអូឃ្លីបដែលត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយកាសែត Al Jazeera ពីទីតាំងផ្ទុះ ឃើញ កងកម្លាំងសន្តិសុខ អង្កេតរថយន្តក្រុងរងការខូចខាតដោយសារគ្រាប់បែក នៅលើចំហៀងម្ខាងនៃផ្លូវ ៕