តំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kajsa Ollongren បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) នេះថា ក្រុមរបស់លោកស្រីមិនមានគម្រោងបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ការបោះឆ្នោត នៅសហភាពមីយ៉ាន់ម៉ាគ្រប់គ្រងដោយយោធាឡើយ ព្រោះមើលទៅវាទំនងជាមិនមានលទ្ធផលគួរឲ្យទុកចិត្តនោះទេ។
ក្រុមអ្នករិះគន់ រួមទាំងប្រទេសលោកខាងលិចជាច្រើនផងដែរ បានពណ៌នាការបោះឆ្នោត ដែលគ្រោងនឹងចាប់ផ្ដើមនៅចុងខែធ្នូថា គ្រាន់តែជាដំណើរការក្លែងក្លាយ ដែលធ្វើឡើងក្នុងគោលបំណងឲ្យការគ្រប់គ្រងរបស់របបយោធាមីយ៉ាន់ម៉ាស្របច្បាប់ប៉ុណ្ណោះ បន្ទាប់ពីរបបនេះបានផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យស៊ីវិល នៅឆ្នាំ២០២១។
លោកស្រី Ollongren បាននិយាយថា លក្ខខណ្ឌចាំបាច់ សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានបំពេញនោះទេ ហើយវត្តមានរបស់អ្នកសង្កេតការណ៍ នឹងមិនធ្វើឲ្យមានលទ្ធផលខុសគ្នានោះដែរ។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ ដែលបានបង្កឲ្យកើតការបះបោរប្រដាប់អាវុធ រហូតដល់ក្រុមប្រឆាំងទាំងនោះបានដណ្តើមកាន់កាប់តំបន់ដែនដីយ៉ាងធំ នៅទូទាំងប្រទេស។
មេដឹកនាំរបបយោធាលោក Min Aung Hlaing កាលពីថ្ងៃពុធ បានទទួលស្គាល់ថា រដ្ឋបាលដែលគាំទ្រដោយយោធា នឹងមិនអាចរៀបចំការបោះឆ្នោតសកលនាពេលខាងមុខទូទាំងប្រទេសបានទេ ជាការទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់លោក ដែលថា ការបោះឆ្នោតនឹងមិនមានការចូលរួមទាំងស្រុងបានឡើយ៕