ប្រមុខចារកម្ម ក្នុងស្រុករបស់ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) នេះ បានឲ្យដឹងថា អង់គ្លេសកំពុងប្រឈមនឹងការគំរាមកំហែងខ្លាំងឡើងៗ ពីរដ្ឋអរិភាពនានា ដូចជារុស្ស៊ី និងអ៊ីរ៉ង់ជាដើម ខណៈដែលហានិភ័យនៃអំពើភេរវកម្ម គឺមានកម្រិត «ខ្ពស់» ដោយក្រុមអាល់កៃដា និង ISIS កំពុងប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យមានអ្នកវាយប្រហារថ្មី។
អគ្គនាយកទីភ្នាក់ងារ MI5 លោក Ken McCallum បាននិយាយថា មានការកើនឡើង ៣៥ភាគរយនៃចំនួនមនុស្សដែលកំពុងត្រូវបានស៊ើបអង្កេត ជុំវិញសកម្មភាពគំរាមកំហែងពីរដ្ឋបរទេស ដោយបញ្ជាក់ថា ប្រទេសគូអរិ បានចាប់ផ្ដើមជាបន្តបន្ទាប់អនុវត្តនូវវិធីសាស្រ្ត «អាក្រក់» ដែលជាធម្មតាត្រូវបានប្រើប្រាស់ដោយពួកភេរវករ។
លោក McCallum បាននិយាយថា ទីភ្នាក់ងាររបស់លោក បានរារាំង «គម្រោងការឃ្លាំមើលដោយមានចេតនាអរិភាពជាបន្តបន្ទាប់» ពីប្រទេសរុស្ស៊ី ហើយបានតាមដានគម្រោងផែនការគាំទ្រដោយអ៊ីរ៉ង់ដែលអាចបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតជាង ២០លើក។
ក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក នៅឯទីស្នាក់ការកណ្តាលរបស់ MI5 ក្នុងទីក្រុងឡុងដ្រ៍ លោកបាននិយាយថា៖ «នៅឆ្នាំ២០២៥ ទីភ្នាក់ងារ MI5 កំពុងទប់ទល់ដោះស្រាយជាមួយនឹងបរិមាណកាន់តែច្រើន និងតាមវិធីសាស្ត្រផ្សេងៗនៃការគំរាមកំហែងពីក្រុមភេរវករ និងតួអង្គរដ្ឋនានា ពោលគឺកម្រិតខ្ពស់ជាងអ្វីដែលខ្ញុំធ្លាប់បានឃើញ»។
អង់គ្លេសបានលើកឡើងម្តងហើយម្តងទៀត អំពីសកម្មភាពអរិភាព ដែលខ្លួននិយាយថា ធ្វើឡើងដោយរុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជារដ្ឋផ្សេងទៀត ជាការចោទប្រកាន់ដែលសុទ្ធតែត្រូវបានបដិសេធ៕