នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកកាន់ទុក្ខនាំគ្នាជួបជុំគ្នានៅក្នុងទីក្រុង Spin Boldak របស់អាហ្វហ្គានីស្ថានដែលស្ថិតនៅជាប់ព្រំដែនជាមួយប៉ាគីស្ថាន ដើម្បីគោរព្ធវិញ្ញាណក្ខន្ធជនរងគ្រោះដោយសាការវាយប្រហារតាមច្រកអាកាសស្លាប់មនុស្ស ស្របពេលភាពតានតឹងឆ្លងកាត់ព្រំដែនកើនឡើង ពោលគឺខណៈដែលប្រទេសទាំង ២ បានប្រកាសបទឈប់បាញ់បណ្តោះអាសន្ន ។ ពួកគេបានបង្ហាញការសោកស្តាយចំពោះការបំផ្លិចបំផ្លាញនេះផងដែរ ។
ក្រុមអ្នកភូមិនាំគ្នាថ្កោលទោសការវាយប្រហារទាំងនេះ ដោយពួកគេអះអាងថា តំបន់ពួកគេរស់នៅសុទ្ធតែជាគ្រួសារស្លូតត្រង់ធម្មតា មិនមែនជាយោធានោះទេ ។
លោក Abdul Wali គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Spin Boldak និយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយប៉ាគីស្ថាន ។ ពួកយើងគឺជាជនស៊ីវិលធម្មតា គ្មានប៉ុស្តិ៍យោធានោះទេនៅទីនេះ ហើយក៏គ្មានបុគ្គលិកយោធារស់នៅទីនេះនោះដែរ ។
លោកបន្តថា មានតែស្រ្តី និងកុមារប៉ុណ្ណោះនៅក្នុងផ្ទះ ហើយពួកគេត្រូវបានសម្លាប់ ។ ពួកយើងមានអ្នករងរបួសប្រហែល ១៣នាក់ ហើយមនុស្ស ៥នាក់ ត្រូវបានសម្លាប់ ។
កាលពីថ្ងៃពុធម្សិលមិញ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឯកភាពគ្នាលើបទឈប់បាញ់បណ្តោះអាសន្ន ក្រោយការវាយប្រហារតាមច្រកអាកាស និងការប្រយុទ្ធគ្នាតាមជើងគោក បង្កឲ្យកើតមានភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង ២ បណ្តាលឲ្យមនុស្សរាប់សិបនាក់ បាត់បង់អាយុជីវិត និងមនុស្ស ១០០នាក់ រងរបួស ។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសប៉ាគីស្ថាន និយាយថា ប្រទេសទាំងពីរនឹងអនុវត្តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤៨ម៉ោង ចាប់ផ្តើមពីម៉ោង១៣ និង ០០នាទី ម៉ោងសកល ថ្ងៃពុធ ដោយពួកគេបន្ថែមថា បទឈប់បាញ់នេះត្រូវស្នើសុំដោយទីក្រុងកាប៊ុល ៕