កាលពីថ្ងៃពុធម្សិលមិញ ហ្វូងបាតុកររាប់ពាន់នាក់ នាំគ្នាដង្ហែរក្បួនតាមដងផ្លូវនៅក្នុងទីក្រុងតំបន់ឆ្នេរ Gabes ប្រទេសទុយនីស៊ី ដែលជាការជួបជុំគ្នាដ៏ធំមួយ នៅក្នុងបាតុកម្មកើនឡើងដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ជុំវិញកង្វក់បរិស្ថានបង្កឡើងដោយសារក្រុមហ៊ុនគីមីរដ្ឋ CGT ។
ក្រុមបាតុករនាំគ្នាស្រែកពាក្យស្លោកដូចជាពាក្យ “ពួកយើងចង់រស់” និងពាក្យ “ទីក្រុង Gabes កំពុងស្រែកហៅរកជំនួយ” ។
ក្រុមបាតុករនាំគ្នាដង្ហែរក្បួនទៅកាន់តំបន់ជាយក្រុង Chatt Essalam ដែលជាតំបន់ជាយក្រុងតំបន់ឆ្នេរ ស្ថិតនៅភាគខាងជើងទីក្រុង Gabes ។
បាតុកម្មនេះដែរ បានកើតមានឡើង បន្ទាប់ពីមនុស្សរាប់សិបនាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងភាគខាងត្បូង Gabes ជាទីដែលអ្នកស្រុកបានដាក់ការស្តីបន្ទោសលើកង្វក់ពីរោងចក្រគីមីក្បែរនោះ សម្រាប់ការបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើម និងបញ្ហាសុខភាពផ្សេងទៀត ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TAP របស់ទុយនីស៊ី រាយការណ៍ថា ក្មេងៗជួបបញ្ហាពិបាកដកដង្ហើមពីផ្សែង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Gabes កាលពីថ្ងៃអង្គារ ។
មន្រ្តីក្នុងស្រុកនិយាយថា មនុស្សជាង ១២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Gabes ខណៈដែលមន្រ្តីអប់រំ និយាយថា សិស្សសាលារាប់សិបនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕