រយៈពេលជាច្រើនថ្ងៃក្រោយក្រុមជីវពលហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែលប្រកាសបទឈប់បាញ់នៅតំបន់ហ្កាហ្សា លំហូរជំនួយមនុស្សធម៌ចូលដែនដីឡោមព័ទ្ធមួយនេះ នៅតែត្រូវបានរឹតត្បិតយ៉ាងខ្លាំង ធ្វើឲ្យអ្នកស្រុក ជាពិសេសកុមារឈឺ ពុំទទួលបានជំនួយសង្រ្គោះអាយុជីវិតដែលពួកគេត្រូវការខ្លាំងបំផុតនោះទេ ។
មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ រថយន្តតិចជាង ៣០០គ្រឿង បានចូលតំបន់ហ្កាហ្សា ជំនួសឲ្យរថយន្ត ៦០០គ្រឿងដែលត្រូវការចែកចាយជំនួយមនុស្សធម៌ ហើយរថយន្ត ៣០០គ្រឿងដែលត្រូវបានអនុញ្ញាតឲ្យចូលជារៀងរាល់ថ្ងៃ កាសែត Al Jazeera ទទួលបានព័ត៌មានថា ដឹកតែផលិតផលពាណិជ្ជកម្មប៉ុណ្ណោះ ជំនួសឲ្យជំនួយមនុស្សធម៌ ។
អ្នកស្រី Hind Khoudary គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Deir el-Balah និយាយថា ក្មេងៗពុំមានអ្វីនោះទេ ។ ពួកគេត្រូវការសម្លៀកបំពាក់ ស្បែកជើង កញ្ចប់អនាម័យ គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយគ្មានអ្វីត្រូវបានចែកចាយទៅដល់ពលរដ្ឋទាំងអស់នេះទេ រហូតដល់ពួកគេមានស្តុកច្រើននៅក្នុងឃ្លាំង ដូច្នេះហើយតើហេតុអ្វីបានជាពួកយើងមិនឃើញមានការចែកចាយណាមួយកើតឡើងបែបនេះទៅវិញ ។
អ្នកស្រីបន្តថា អ្វីដែលចូលគឺរថយន្តដឹកផលិតពាណិជ្ជកម្ម និងអ្វីៗដែលត្រូវបានគេលក់នៅលើទីផ្សារ ។ សូមបញ្ជាក់ជាថ្មីម្តងទៀត ជនប៉ាឡេស្ទីនគ្មានប្រាក់ ឬលទ្ធភាពទិញសម្ភារៈទាំងអស់នេះឡើយ ។ អ្នកស្រុកហ្កាហ្សាគ្មានប្រាក់នោះទេ ធនាគារពុំទាន់បានបើកទ្វារនៅឡើយនោះទេ ៕