ភាគីកម្ពុជា-ថៃ នឹងបន្តពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំលេីកក្រោយទៀតលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីឈានទៅដល់ការព្រមព្រៀងគ្នាមួយ ដោយឈរលើគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដី។
នៅ រាត្រី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំលើកទី៣ លើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ ត្រូវបានបញ្ចប់នៅម៉ោង ១៨:០០នាទី ដោយភាគីទាំងពីរបានពិភាក្សាគ្នា និងទទួលបានលទ្ធផលជាវិជ្ជមានមួយចំនួនបន្ថែមទៀតគួរឱ្យកត់សម្គាល់។
ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំលេីកក្រោយទៀតលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីឈានទៅដល់ការព្រមព្រៀងគ្នាមួយ ដោយឈរលើគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដី។
គួរឱ្យដឹងថា ការរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP) នេះគឺ ដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។
គួររំលឹកថា កាលពីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន ២ លើករួចមកហើយ។
គួរបញ្ជាក់ថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា៕

