បាល់ទាត់៖ ក្រុមបាល់ទាត់ស្ត្រីចិនបានក្លាយជាជើងឯក នៃការប្រកួតពានរង្វាន់បាល់ទាត់ស្ត្រីជើងឯកអាស៊ី AFC Women Asian Cup 2022 ក្រោយយកឈ្នះក្រុមស្ត្រីកូរ៉េខាងត្បូងនៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមស្ត្រីចិនបានពន្លាតកំណត់ត្រា ជាក្រុមដែលឈ្នះជើងឯកអាស៊ីច្រើនជាងគេឡើងដល់ ៩លើកបន្ទាប់ពីការវាយបកយកឈ្នះនៅថ្ងៃអាទិត្យម្សិលមិញនៅទីក្រុង Mumbai ប្រទេសឥណ្ឌា។

កីឡាការិនីកូរ៉េ Choe Yu-ri និង Ji So-yun រកបានម្នាក់មួយគ្រាប់នៅនាទីទី២៧ និង ៤៥+៣ ឱ្យកូរ៉េនាំមុខមុនដល់ទៅ ២គ្រាប់ក្នុងវគ្គទី១។ តែនៅវគ្គទី២ គឺជារឿងផ្សេង ក្រុមស្ត្រីចិនដែលមានបទពិសោធនៅវគ្គផ្តាច់ព្រ័ត្រ និងជាក្រុមឈ្នះជើងឯកច្រើនជាងគេនោះបានវាយបកតាមស្មើវិញដោយកីឡាការិនី Tan Jiali នាទីទី៦៨ បាល់ពិន័យ ១១ម៉ែត្រ និងកីឡាការិនី Zhang Linyan នាទីទី៧២។ មិនតែប៉ុណ្ណោះការប្រកួតហៀបនឹងបញ្ចប់ទៅហើយ ពោលគឺនាទីទី៩០+៣ ចិនថែមទាំងរកបានគ្រាប់ជ័យជំនះដោយកីឡាការិនី Xiao Yuyi។
សូមបញ្ជាក់ថា តាំងពីបង្កើតឡើងនៃការប្រកួតបាល់ទាត់ស្ត្រីជើងឯកអាស៊ីរយៈពេល ៤៧ឆ្នាំកន្លងមកក្រុមបាល់ទាត់ស្ត្រីចិនបានឈ្នះជើងឯក ៩លើកទាំងលើកនេះ និងឡើងវគ្គផ្តាច់ព្រ័ត្រសរុប ១១លើក។ ចំណែកបន្ទាប់ពីចិន នៅអាស៊ីមានតែកូរ៉េខាងជើង និងឆាយនីសតៃប៉ិដែលធ្លាប់ឈ្នះជើងឯក ៣លើកដូចគ្នា ខណៈជប៉ុនឈ្នះ ២លើក៕
អត្ថបទ៖នាង សុភាវុធ