ទីក្រុងប៉ារីស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) មហាអំណាចអឺរ៉ុប គឺបារាំង និងអង់គ្លេស នៅក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីសម្រេចចុងក្រោយនូវសេចក្តីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលនឹងក្រាលមូលដ្ឋានគ្រឹះសម្រាប់កងកម្លាំងអន្តរជាតិនាពេលអនាគតនៅក្នុងតំបន់ហ្កាហ្សា។

ទីប្រឹក្សាជាន់ខ្ពស់អាមេរិកពីររូបបាននិយាយកាលពីថ្ងៃពុធថា ជាមួយនឹងបទឈប់បាញ់ដ៏រង្គោះរង្គើដែលសម្របសម្រួលដោយអាមេរិក រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ផែនការដាក់កងកម្លាំងអន្តរជាតិបែបនេះបានចាប់ផ្តើមគូសវាសរួចហើយ ដើម្បីរក្សាស្ថិរភាពសន្តិសុខនៅតំបន់ហ្កាហ្សា។
ថ្លែងនៅទីក្រុងប៉ារីស អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក Pascal Confavreux បាននិយាយថា កម្លាំងបែបនេះត្រូវការដែនសមត្ថកិច្ចរបស់ UN ដើម្បីផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងច្បាប់អន្តរជាតិ និងសម្រួលដំណើរការទទួលបានវិភាគទានពីប្រទេសនានា។ លោកបន្តថា "បារាំងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូលើការបង្កើតបេសកកម្មអន្តរជាតិនេះ ដែលត្រូវតែធ្វើឡើងជាផ្លូវការតាមរយៈការអនុម័តសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខ UN"។
ទាក់ទងនឹងរឿងនេះ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងពិភាក្សាជាមួយប្រទេសជាច្រើន ដែលចាប់អារម្មណ៍ក្នុងការរួមចំណែកដល់កម្លាំងអន្តរជាតិនៅហ្កាហ្សា។
កាលពីថ្ងៃទី១០ ខែតុលា ទីក្រុងប៉ារីសបានរៀបចំកិច្ចពិភាក្សាជាមួយមហាអំណាចអ៊ឺរ៉ុប និងអារ៉ាប់ផ្សេងទៀត ដើម្បីចម្រាញ់យកគំនិតសម្រាប់អន្តរកាលក្រោយសង្គ្រាមរបស់ហ្កាហ្សា រួមទាំងមធ្យោបាយដែលកងកម្លាំងបែបនេះអាចបង្កើតរូបរាងបាន។ ក្រុមអ្នកការទូតនិយាយថា កម្លាំងរក្សាស្ថិរភាពនោះនឹងមិនមែនជាកងកម្លាំងរក្សាសន្តិភាពផ្លូវការរបស់ UN ទេ៕

