អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) ថា ក្បួនរថយន្តជំនួយទាំងមូលពីកម្មវិធីស្បៀងអាហារពិភពលោក WFP បានទៅដល់ឃ្លាំងនៅតំបន់ហ្កាហ្សា ដោយមិនរងការលួចប្លន់ស្បៀងនោះទេ ហើយមានការថយចុះខ្លាំងនៃឧប្បត្តិហេតុចោរកម្មបែបនេះ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា៖ UN មើលឃើញឧប្បត្តិហេតុលួចជំនួយធ្លាក់ចុះយ៉ាងខ្លាំង ហើយនោះជាការកែលម្អដ៏ធំធេងក្នុងសមត្ថភាពរបស់បុគ្គលិក ក្នុងការនាំយកជំនួយដោយសុវត្ថិភាពពីច្រកឆ្លងកាត់ទៅកាន់ឃ្លាំងស្តុក។
ដោយដកស្រង់តួលេខពីអាជ្ញាធរអ៊ីស្រាអែលដែលឃ្លាំមើលច្រកឆ្លងកាត់ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និយាយថា រថយន្តជំនួយកើនដល់ទៅ ៧១៦គ្រឿង កាលពីថ្ងៃពុធ រួមទាំង ១៦គ្រឿង ដឹកប្រេង និងឧស្ម័ន។ OCHA បន្តថា ស្ថាប័ន UN និងដៃគូ កំពុងបញ្ជូនគ្រឿងផ្គត់ផ្គង់បន្ថែមតាមរយៈច្រកឆ្លងកាត់ ចូលទៅកាន់ដែនដីប៉ាឡេស្ទីនមួយនេះ។
អាទិភាពផ្នែកមនុស្សធម៌សំខាន់របស់ក្រុមជំនួយ គឺការទទួលបានទឹក ស្បៀងអាហារ ទីជម្រក និងការសម្អាតកម្ទេចកម្ទីបែកបាក់។ ប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ផ្ទះសម្បែង កំពុងស្នាក់នៅក្នុងតង់ ចំណែកអ្នកដែលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់ ក៏បានចាប់ផ្តើមបោសសម្អាត ក្នុងក្ដីសង្ឃឹមថាអាចកសាងជីវិតជាថ្មី៕