ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅមុនកិច្ចពិភាក្សាថ្ងៃសុក្រនេះជាមួយប្រធានាធិបតីអាមេរិក Donald Trump ថា សន្ទុះវិជ្ជមាននៅក្នុងដំណើរការសន្តិភាពមជ្ឈិមបូព៌ា សង្ឈឹមថាអាចជួយបញ្ចប់សង្រ្គាមអាយុកាលជិត ៤ឆ្នាំមកនេះ នៅអ៊ុយក្រែន ឆ្ពោះទៅរកសន្តិភាពជាមួយរុស្ស៊ី។
លោក Zelenskyy បានសរសេរបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមថា "លោកមានកិច្ចប្រជុំមួយគ្រោងទុកជាមួយលោកប្រធានាធិបតី Trump ហើយលោកកំពុងពឹងផ្អែកលើកម្លាំងរុញច្រានទប់ស្កាត់ភេរវកម្ម និងសង្រ្គាម ដែលដំណើរការនៅមជ្ឈិមបូព៌ា ដើម្បីជួយបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន"។
លោក Zelenskyy មិនបានសំដៅដោយផ្ទាល់លើការប្រកាសរបស់លោក Trump ក្នុងការជួបចរចាជាថ្មីជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅហុងគ្រីទេ ប៉ុន្តែលោកបាននិយាយថា "ច្បាស់ណាស់ថានៅពេលឮពីមីស៊ីល Tomahawk ទីក្រុងមូស្គូកំពុងប្រញាប់ងាកមកបន្តការសន្ទនា” ដែលជាការយោងទៅលើការលើកឡើងរបស់លោក Trump ពីលទ្ធភាពដែលអាមេរិកអាចផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយទាំងនោះឱ្យទីក្រុងគីវ។
លោក Zelenskyy និយាយទៀតថា លោកកំពុងជួបជាមួយតំណាងក្រុមហ៊ុនការពារជាតិ "ជាក្រុមហ៊ុនផលិតអាវុធដ៏មានឥទ្ធិពល ដែលពិតជាអាចពង្រឹងការការពាររបស់អ៊ុយក្រែនបាន" រួមទាំងប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល៕