អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងត្រៀមសម្រាប់ការបើកឡើងវិញច្រកឆ្លងកាត់ Rafah នៅតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ដើម្បីអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនធ្វើដំណើរចូលនិងចេញ ក្នុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាស។ ជម្លោះជុំវិញការប្រគល់សាកសពចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសបានគំរាមកំហែងបង្អាក់ដល់បទឈប់បាញ់។

ក្រុមហាម៉ាសបានប្រគល់សាកសពចំនួន១២នាក់ និងបាននិយាយថាខ្លួនប្រគល់សាកសពទាំងអស់ដែលខ្លួនអាចរកឃើញ។ ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា សាកសពម្នាក់ពុំមែនជាសាកសពចំណាប់ថ្នូរទេ ហើយទាមទារឲ្យក្រុមសកម្មប្រយុទ្ធប្រគល់សាកសពចំណាប់ថ្នូរចំនួន១៦នាក់ទៀត។

ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសបាននិយាយថា ខ្លួនតម្រូវឱ្យមានដំណើរការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងឧបករណ៍ជីកកកាយទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលត្រូវបានរារាំងដោយអ៊ីស្រាអែល បន្ទាប់ពីតំបន់នេះភាគច្រើនត្រូវបានពង្រាបទៅជាកម្ទេចថ្ម។
លោក Jaco Cilliers អ្នកតំណាងពិសេសរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា មានកម្ទេចកម្ទីថ្មប្រហែល៦០លានតោននៅតំបន់ហ្កាហ្សា។ នៅពេលដែលកម្ទេចកម្ទីត្រូវបានកាយយកចេញ តំបន់នេះអាចចាប់ផ្តើមការកសាងឡើងវិញ និងមានតម្រូវការមនុស្សធម៌ច្រើន។
ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើបទឈប់បាញ់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៤នាក់ក្នុងការបាញ់ប្រហារ និងបាននិយាយថាបញ្ជីនៃការរំលោភបំពានបែបនេះត្រូវបានប្រគល់ទៅឱ្យអ្នកសម្របសម្រួល។