ការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស នៅទីក្រុងហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានទុកឲ្យតំបន់ហ្កាហ្សាស្ទ្រីបរងការប្រឈមមនឹងការខូចខាតរចនាសម្ព័ន្ធដ៏ធ្ងន់ធ្ងរបំផុត និងវិបត្តិមនុស្សធម៌ក្នុងប្រវត្តិសាស្ត្រទំនើប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះ បាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលបានបង្កើតកម្ទេចកម្ទីប្រហែល៧០លានតោន ហើយបានបន្សល់ទុកនូវគ្រាប់បែកមិនទាន់ផ្ទុះប្រហែល ២០.០០០ គ្រាប់ រាយប៉ាយពាសពេញតំបន់នេះ ។
សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចខិតខំប្រឹងប្រែងយកកម្ទេចកម្ទីត្រូវបានរារាំងយ៉ាងធ្ងន់ធ្ងរដោយការហាមប្រាមរបស់អ៊ីស្រាអែលលើការចូលនៃគ្រឿងចក្រ និងឧបករណ៍ធុនធ្ងន់ គួបផ្សំនឹងការបិទច្រកឆ្លងកាត់ទាំងអស់ ដែលទុកឱ្យការងារស្តារឡើងវិញស្ទើរតែមិនអាចទៅរួច។
ការិយាល័យដដែលបានជំរុញសហគមន៍អន្តរជាតិឱ្យបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងមនុស្សធម៌របស់ខ្លួន ដោយដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបើកច្រកឆ្លងកាត់ឡើងវិញជាបន្ទាន់ និងអនុញ្ញាតឱ្យចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទី និងដុំធំៗ។
យោងតាមតួលេខចេញផ្សាយដោយអាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឲ្យដឹងថា ចាប់តាំងពីសង្គ្រាមហ្កាហ្សាបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហារតាមអាកាស និងថ្មើរជើង របស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់រងការហ៊ុមព័ទ្ធនេះ បណ្តាលឱ្យមានគ្រោះទុរ្ភិក្ស និងការផ្លាស់ទីលំនៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៧.៩៦៧ នាក់ និងរបួស ១៧០.១៧៩ នាក់ផ្សេងទៀត៕

