ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសប្តូរផ្តាច់ថា ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខត្រូវធ្វើឲ្យបាននៅឆ្នាំនេះ ខណៈកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន ២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ប្រវែងជិត១០០គីឡូម៉ែត្រនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៧កុម្ភៈ សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលបាន មានប្រសាសន៍ថា យើងខកខានចូលឆ្នាំខ្មែរ២ឆ្នាំហើយៗសម្រាប់ឆ្នាំនេះ យើងនាំគ្នារាំលេងសប្បាយតែរក្សាគម្លាតពីគ្នាបន្តិច។
សូមបញ្ជាក់ថា៖ ចាប់តាំងពីផ្ទុះជំងឺដ៏កាចសាហាវកូវីដ-១៩ មកជាពិសេសការឆ្លងចូលដល់សហគមន៍ និងបង្កឱ្យមានអ្នករងគ្រោះស្លាប់ដ៏គួរឱ្យកត់សម្គាល់ផងដែរនោះ រាជរដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យប្រពៃណីជាតិធំៗ របស់ខ្លួនដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអស់រយៈពេល២ឆ្នាំជាប់ៗគ្នាមកហើយ ប៉ុន្តែសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខ សម្រាប់ឆ្នាំនេះ ដោយសារស្ថានភាពបានកាន់តែប្រសើរ ដោយសារការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរគ្រប់១០០% បានធ្វើឱ្យកម្ពុជាបើកដំណើរការប្រទេស បើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាប្រក្រតីលើគ្រប់វិស័យ ដោយសារតែការគ្រប់គ្រង និងការចូលរួមបានយ៉ាងល្អពីប្រជាពលរដ្ឋដែលយល់ដឹងអំពីវិធានការនានា របស់រាជរដ្ឋាភិបាល និងបានធ្វើឱ្យអត្រាឆ្លង ជាពិសេសមិនមានអត្រាស្លាប់ដោយសារកូវីដ-១៩ អស់រយៈពេល៣០ថ្ងៃមកហើយ។
ទោះជាយ៉ាងណាក៏ដោយ សម្តេចនៅតែផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋរបស់យើងកុំភ្លេចខ្លួនអំពីវិធានការអនាម័យនានាដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលបានណែនាំ ដើម្បីចូលរួមការពារការឆ្លង ជាពិសេសកូវីដ-១៩ អូមីក្រុង ថ្វីត្បិតតែវាមានសភាពស្រាល ប៉ុន្តែអូមីក្រុងវាបានឆ្លងយ៉ាងលឿន ដែលយើងមិនត្រូវឱ្យវាកើតមានឡើយ៕អត្ថបទ៖ មុត សុទ្ធ








