មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa កាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) បានបើកបង្ហាញនូវផែនការស្តារ និងកសាងឡើងវិញបីដំណាក់កាល សម្រាប់តំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម ជាមួយនឹងតួលេខប៉ាន់ប្រមាណថា មានតម្លៃ ៦៧ពាន់លានដុល្លារអាមេរិក និងមានរយៈពេល ៥ឆ្នាំ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយដៃគូអន្តរជាតិ លោក Mustafa បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន បានបង្កើតក្របខណ្ឌបង្រួបបង្រួមមួយសម្រាប់ការកសាងជាថ្មី តាមរយៈកម្មវិធីស្ដារ និងកសាងហ្កាហ្សាឡើងវិញ។ លោកបន្តថា ការវាយតម្លៃអន្តរជាតិបានប៉ាន់ប្រមាណថាការខូចខាត និងការខាតបង់ពីសង្គ្រាម ២ឆ្នាំនៅហ្កាហ្សា មានលើសពី ៦៧ពាន់លានដុល្លារអាមេរិក។

យោងតាមលោក Mustafa កម្មវិធីដែលត្រូវការពេល ៥ឆ្នាំនេះ បែងចែកជា ៣ដំណាក់កាល — ដំណាក់កាលទី១ គឺជាពេលវេលាសង្គ្រោះបន្ទាន់ ៦ខែ ផ្តោតលើការងើបឡើងវិញដំបូង ដែលមានតម្លៃ ៣,៥ពាន់លានដុល្លារ ហើយទីពីរគឺដំណាក់កាលសាងសង់ និងស្តារឡើងវិញរយៈពេល ៣ឆ្នាំ ដែលមានតម្លៃប្រហែល ៣០ពាន់លានដុល្លារ ចំណែកទីបីគឺប្រើពេលសេសល់ទាំងអស់ដាក់ក្នុងដំណាក់កាលកសាងឡើងវិញទាំងស្រុង។

មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា បណ្តាប្រទេសនៅអឺរ៉ុប និងអារ៉ាប់ កាណាដា ព្រមទាំងសហរដ្ឋអាមេរិក ហាក់ដូចជាមានឆន្ទៈរួមចំណែកទឹកប្រាក់ប្រមាណ ៧០ពាន់លានដុល្លារ ដែលត្រូវការដើម្បីកសាងហ្កាហ្សាឡើងវិញ ខណៈសង្រ្គាមរយៈពេលពីរឆ្នាំនៅទីនោះ បានបង្កើតឱ្យមានកម្ទេចថ្មស្មើនឹង ១៣ដង នៃប្រាសាទពីរ៉ាមីតជីហ្សារបស់អេហ្ស៊ីប៕