អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបាននិយាយសម្រាលស្ថានការណ៍ដែលថា អាចនឹងមានការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ ដោយនិយាយថា កុំជឿការព្យាករណ៍ដែលនាំមកនូវមហន្តរាយឲ្យសោះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកនិយាយថា ក្រុងមូស្គូបានប្រមូលផ្ដុំ ៧០% ដែលខ្លួនត្រូវការដើម្បីធ្វើប្រតិបត្តិការលុកលុយពេញលេញលើអ៊ុយក្រែន។


ក្រុមមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះត្រូវបានដកស្រង់សម្តី ដោយបាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកថា ប្រតិបត្តិការដើម្បីដណ្តើមយករដ្ឋធានីគៀវយ៉ាងឆាប់រហ័ស ដោយផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលោក Volodymyr Zelenskyy គឺស្ថិតនៅក្នុងចំណោមលទ្ធភាពដែលអាចមានការឈ្លានពានដ៏ខ្លាំងក្លាបំផុត សម្រាប់ការអន្តរាគមន៍របស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកត្រូវបានសំអាងដោយនិយាយថា នៅក្នុងសេណារីយោមួយការស្លាប់ជនស៊ីវិលចន្លោះពី ២៥,០០០នាក់ដល់ ៥០,០០០នាក់អាចកើតមាន ហើយទាហានអ៊ុយក្រែនចំនួន ២៥,០០០នាក់អាចត្រូវបានសម្លាប់ផងដែរ។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃអាទិត្យបាននិយាយថា កុំជឿការព្យាករណ៍ទាំងឡាយដែលអាចបង្កឲ្យមានមហន្តរាយ។ រដ្ឋធានីផ្សេងៗគ្នាមានសេណារីយោផ្សេងគ្នា ប៉ុន្តែប្រទេសអ៊ុយក្រែនបានត្រៀមជានិច្ចសម្រាប់ការប្រែប្រួលទាំងឡាយ។ លោកបានសរសេរនៅលើបណ្ដាញសង្គម tweeter ជាភាសាអ៊ុយក្រែនតែប៉ុណ្ណោះ ដោយលើកឡើងថា សារនោះគឺសម្រាប់តែទស្សនិកជនក្នុងស្រុកទេ។ថ្ងៃនេះ ប្រទេសអ៊ុយក្រែនមានទាហានរឹងមាំ មានការគាំទ្រពីអន្តរជាតិដែលមិនធ្លាប់មាន និងភាពស្មោះត្រង់របស់ប្រជាជនអ៊ុយក្រែនចំពោះប្រទេសជាតិរបស់ពួកគេ។ សត្រូវគួរតែខ្លាចយើង មិនមែនយើងខ្លាចពួកគេនោះទេ៕
អត្ថបទ៖ សុខមាន