ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងថា ខ្លួនមិនបានដឹងពីការសន្ទនាណាមួយឡើយ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រី លោក Narendra Modi កាលពីថ្ងៃទី១៥ ខែតុលា ដោយការលើកឡើងនេះ កើតមានតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំអាមេរិក បានបង្ហាញថា លោកបាននិយាយជាមួយសមភាគីឥណ្ឌារបស់លោក ដែលបានសន្យាបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) អ្នកនាំពាក្យក្រសួងការបរទេស លោក Randhir Jaiswal បានប្រាប់អ្នកសារព័ត៌មានថា៖ «តាមការដឹងរបស់យើង ខ្ញុំមិនដឹងពីការសន្ទនាណាមួយឡើយ រវាងលោកនាយករដ្ឋមន្ត្រី Modi និងលោកប្រធានាធិបតី Trump កាលពីម្សិលមិញ (ថ្ងៃទី១៥ ខែតុលា)»។

ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា មានភាពតានតឹង ចាប់តាំងពីលោក Trump បានដាក់អត្រាពន្ធ ៥០ភាគរយលើទំនិញពីប្រទេសអាស៊ីខាងត្បូង ជាចំណាត់ការដែលប្រធានាធិបតីអាមេរិក បានចាត់ទុកថា ជាការដាក់ទណ្ឌកម្ម ដោយសារទីក្រុងញូវដេលីទិញប្រេងឆៅពីរុស្ស៊ី។
តែកាលពីថ្ងៃទី១៥ ខែតុលា លោក Trump បានបង្ហាញពីដំណោះស្រាយដែលអាចកើតមាន ចំពោះបញ្ហានេះ ដោយលោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោក Modi បានប្តេជ្ញាថា នឹងមិនទិញប្រេងពីរុស្ស៊ីទៀតទេ។
យ៉ាងណាក្ដី នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីមុនថ្ងៃទី១៦ ខែតុលា លោក Jaiswal មិនបានបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងអនុវត្តតាមការទាមទាររបស់លោក Trump នោះទេ ទោះបីជាលោក បាននិយាយថា ទីក្រុងញូវដេលី កំពុងធ្វើការ ដើម្បីធ្វើឲ្យទំនាក់ទំនងថាមពលកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិកក៏ដោយ៕
