ដោយដកស្រង់សម្តីពីបុគ្គលដែលដឹងពីបញ្ហានេះ សារព័ត៌មាន Financial Times (FT) បានចុះផ្សាយនៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងពិភាក្សាលើកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក ដែលទីក្រុងរីយ៉ាដសង្ឃឹមថា នឹងសម្រេចបាននៅពេលដែលព្រះអង្គម្ចាស់ Mohammed bin Salman យាងបំពេញព្រះរាជទស្សនកិច្ច នៅសេតវិមាន នាខែក្រោយនេះ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់រដ្ឋបាលលោក Donald Trump បានប្រាប់សារព័ត៌មាន FT ថា មាន «ការពិភាក្សា អំពីការចុះហត្ថលេខាលើអ្វីមួយ នៅពេលដែលរជ្ជទាយាទយាងទៅដល់ ប៉ុន្តែសេចក្ដីលម្អិត គឺមិនទាន់បញ្ចប់សព្វគ្រប់នៅឡើយទេ។

សារព័ត៌មាន FT បានឲ្យដឹងថា កិច្ចព្រមព្រៀងក្នុងការពិភាក្សានេះ គឺស្រដៀងទៅនឹងកតិកាសញ្ញាអាមេរិក-កាតា នាពេលថ្មីៗនេះ ដែលបានសន្យាថា នឹងចាត់ទុកការវាយប្រហារប្រដាប់អាវុធណាមួយលើកាតាជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងអាមេរិកជាមួយកាតា បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលកាលពីខែមុន បានប៉ុនប៉ងសម្លាប់មេដឹកនាំក្រុមហាម៉ាស ដោយការវាយប្រហារតាមអាកាសលើទីក្រុងដូហា។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន FT ថា កិច្ចសហប្រតិបត្តិការការពារជាតិជាមួយព្រះរាជាណាចក្រនេះ គឺជា «មូលដ្ឋានគ្រឹះដ៏រឹងមាំនៃយុទ្ធសាស្ត្រក្នុងតំបន់របស់សហរដ្ឋអមេរិក» ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលអាចកើតមាននោះឡើយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក សេតវិមាន និងរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត មិនបានឆ្លើយតបនោះទេ ទៅនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដើម្បីសុំការធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មាន FT នេះ៕
