ប្រធានគណៈកម្មាធិការពិសេសរបស់សភាអាមេរិក ទទួលបន្ទុកកិច្ចការប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) បានលើកឡើងថា កិច្ចព្រមព្រៀងផ្ដល់អាជ្ញាប័ណ្ណ សម្រាប់ការប្រើប្រាស់វិធីសាស្ត្រវាយតម្លៃដោះស្រាយរបស់បណ្ដាញសង្គម TikTok ពោលដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅចិន ក្នុងការលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកនៃកម្មវិធីចែករំលែកដេអូខ្លី នឹងបង្កើន «ក្ដីបារម្ភកាន់តែខ្លាំងឡើង»។
លោក John Moolenaar តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ កំពុងរង់ចាំទទួលបានព័ត៌មានលម្អិតបន្ថែម អំពីកិច្ចព្រមព្រៀងដែលមន្ត្រីសេតវិមាន បាននិយាយនៅមុននេះថា នឹងរួមបញ្ចូលម្ចាស់ថ្មីនៃប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ដែលផ្តល់អាជ្ញាប័ណ្ណដល់វិធីសាស្ត្រវាយតម្លៃដោះស្រាយរបស់បណ្ដាញសង្គមនេះ។

ក្នុងព្រឹត្តិការណ៍មួយ នៅឯវិទ្យាស្ថាន Hudson លោក Moolenaar បាននិយាយថា៖ «ខ្ញុំគិតថា នៅពេលណាដែលអ្នកឲ្យ (ប្រទេសចិន) មានឥទ្ធិពលលើវិធីសាស្ត្រវាយតម្លៃដោះស្រាយនោះ ខ្ញុំគិតថា នោះជាបញ្ហា»។
បណ្ដាញសង្គម TikTok មិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗឡើយ ជុំវីញការលើកឡើងនេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី២៥ ខែកញ្ញា ដោយប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ឲ្យទៅកាន់សម្ព័ន្ធអ្នកវិនិយោគអាមេរិក និងសកលលោក បំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងក្នុងច្បាប់ឆ្នាំ២០២៤ និងផ្តល់ពេល ១២០ថ្ងៃ ដើម្បីបញ្ចប់ប្រតិបត្តិការលក់ដូរនេះ។
ដោយចង្អុលទៅអ្នកជំនាញខាងបច្ចេកវិទ្យាដែលនិយាយថា វាមិនច្បាស់លាស់នូវអ្វីដែលមាននៅក្នុងកម្មវិធីវាយតម្លៃដោះស្រាយនោះ លោក Moolenaar បានបន្ថែមថា៖ «ខ្ញុំគ្រាន់តែជឿថា អ្នក (TikTok) ត្រូវតែមានវិធីសាស្ត្រាវាយតម្លៃដោះស្រាយថ្មី ហើយខ្ញុំមិនដឹងនោះទេថា តើអ្នកអាចរៀបចំកម្មវិធីឡើងវិញដោយសុវត្ថិភាពដែរ ឬអត់។ ខ្ញុំចង់និយាយថា វានៅតែមានការងារច្រើនណាស់ដែលកំពុងដំណើរការ»៕
