មន្ត្រីអាមេរិក និងប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) បានបើកកិច្ចពិភាក្សាពាណិជ្ជកម្ម ដែលភាគីទាំង២ បានចាត់ទុកថា មានភាពវិជ្ជមាន និងបានយល់ព្រមធ្វើការ ដើម្បីកំណត់ពេលវេលានៃជំនួប រវាងលោកប្រធានាធិបតី Donald Trump និងសមភាគីរបស់លោក គឺលោក Luiz Inacio Lula da Silva «ឲ្យបានលឿនបំផុតតាមដែលអាច»។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយ គណៈប្រតិភូនៃប្រទេសទាំង២ បានឲ្យដឹងថា ពួកគេនឹង «ធ្វើការពិភាក្សាលើវិស័យជាច្រើននាពេលខាងមុខ និងបង្កើតផ្លូវការងារឆ្ពោះទៅមុខ» ទោះបីជាមិនមានពេលវេលាកំណត់ សម្រាប់កិច្ចប្រជុំ Trump-Lula ដែលត្រូវបានស្នើឡើងក៏ដោយ។

កិច្ចចរចា នៅទីក្រុងវ៉ាស៊ីនតោន ដែលរួមមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira គឺជាការប្រាស្រ័យទាក់ទងការទូតចុងក្រោយបង្អស់ រវាងប្រទេសទាំង២ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទំនាក់ទំនងមានភាពអាប់អួជាច្រើនខែ។
លោក Vieira បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ចំពោះដំណើរការចរចានេះ ដែលយើងនឹងធ្វើការធ្វើឲ្យមានប្រក្រតីភាពឡើងវិញ ហើយបើកផ្លូវថ្មី សម្រាប់ទំនាក់ទំនងទ្វេភាគី»។
លោក Trump បានដំឡើងពន្ធលើការនាំចូលទៅសហរដ្ឋអាមេរិកនៃទំនិញប្រេស៊ីលភាគច្រើនដល់ ៥០ភាគរយ ពីអត្រា ១០ភាគរយ កាលដើមខែសីហា ដោយភ្ជាប់ចំណាត់ការនេះការកាត់ទោសលើអតីតប្រធានាធិបតី លោក Jair Bolsonaro។ កាលពីសប្តាហ៍មុន លោក Trump និងលោក Lula បានជជែកគ្នាតាមទូរសព្ទ បន្ទាប់ពីមានជំនួបដ៏ខ្លីមួយនៅឯអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ហើយបន្ទាប់មកមេដឹកនាំទាំង២ បាននិយាយថា ពួកលោកបានទទួលនូវអារម្មណ៍វិជ្ជមានពីជំនួបនោះ៕
