មន្ត្រីសន្តិសុខប៉ាគីស្ថាន បានឲ្យដឹងថា ទាហានប៉ាគីស្ថានយ៉ាងហោចណាស់ ៧នាក់ បានស្លាប់អំឡុងការវាយប្រហារអត្តឃាត នៅជិតព្រំដែនអាហ្វហ្គានីស្ថាន នាថ្ងៃសុក្រ (ទី១៧ ខែតុលា) ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងទីក្រុងអ៊ីស្លាម៉ាបាដ និងកាប៊ុល ជាកិច្ចព្រមព្រៀងដែលបានផ្អាកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាច្រើនថ្ងៃ រវាងអតីតសម្ព័ន្ធមិត្តទាំង២ ក្នុងខែនេះ។
ប្រទេសជិតខាងអាស៊ីខាងត្បូងទាំង២ បានប្រយុទ្ធគ្នាលើដីយ៉ាងខ្លាំងក្លា ហើយប៉ាគីស្ថានក៏បានបើកការវាយប្រហារផងដែរតាមអាកាសឆ្លងកាត់ព្រំដែនដែលមានជម្លោះរបស់ពួកគេ ដោយបានបណ្ដាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត និងរាប់រយនាក់រងរបួស មុនពេលឈានដល់បទឈប់បាញ់រយៈពេល ៤៨ម៉ោង ដែលនឹងត្រូវបញ្ចប់នៅវេលាម៉ោង ១៣:00 ម៉ោងកសល នាថ្ងៃសុក្រនេះ។

មន្ត្រីសន្តិសុខ ៥រូប បានឲ្យដឹងថា ទាហានត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយពួកសកម្មប្រយុទ្ធលើជំរំយោធាប៉ាគីស្ថាន នៅភាគខាងជើងតំបន់ Waziristan ដែលបណ្តាលឲ្យមនុស្ស ១៣នាក់យ៉ាងតិចរងរបួសផងដែរ។
ពួកគេបានបញ្ជាក់បន្ថែមថា ខណៈដែលសមាជិករបស់ក្រុមសកម្មប្រយុទ្ធម្នាក់ បានបើករថយន្តផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងជញ្ជាំងបន្ទាយដែលជាជំរំយោធានោះ ២នាក់ផ្សេងទៀត បានព្យាយាមចូលទៅក្នុងកន្លែងនោះ ហើយត្រូវបានបាញ់សម្លាប់។ កងទ័ពប៉ាគីស្ថានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា អំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ នៅក្នុងប្រទេសប៉ាគីស្ថាន បានបង្កឲ្យមានភាពតានតឹងយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដែលបានវិលត្រឡប់ទៅកាន់អំណាចនៅទីក្រុងកាប៊ុលវីញ បន្ទាប់ពីមានការដកចេញនូវកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១៕
