សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ហេតុការណ៍ផ្ទុះនៅប្លុកអគារផ្ទះល្វែងកម្ពស់ ៨ជាន់នៅរដ្ឋធានី Bucharest ប្រទេសរ៉ូម៉ានី បណ្តាលឲ្យបាក់ជាន់អគារជាច្រើន ដោយបានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួសនាថ្ងៃសុក្រនេះ ។
គេហទំព័រ Hotnews.ro រាយការណ៍ថា ការផ្ទុះនេះ បណ្តាលឲ្យបែកបង្អួចនៅសាលាវិទ្យាល័យក្បែរនោះផងដែរ ។ ហេតុការណ៍ផ្ទុះនេះដែរ បណ្តាលឲ្យជាន់អគារចំនួន ២ បាក់ទាំងស្រុង និងធ្វើឲ្យប៉ះពាល់ដល់ជាន់អគារក្រោមៗផងដែរ ។

មូលហេតុបណ្តាលឲ្យមានហេតុការណ៍ផ្ទុះស្លាប់មនុស្សនេះកើតឡើង នៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ប៉ុន្តែក្រុមអាជ្ញាធរ និយាយថា ការផ្គត់ផ្គង់ហ្គាសត្រូវបានបិទនៅតំបន់នោះ ជាការប្រុងប្រយ័ត្នពីសុវត្ថិភាព ។
ក្រសួងសុខាភិបាលរ៉ូម៉ានីនិយាយថា ជនរងគ្រោះត្រូវបានគេរាយការណ៍ថា ពួកគេបានតក់ស្លុត និងរលាកភ្លើង ។
ក្រសួងនិយាយថា មនុស្សម្នាក់ ត្រូវបានប្រទះឃើញស្លាប់នៅក្រោមបន្ទះបេតុងនៅអគារជាន់ទី ៦ ។ មនុស្សយ៉ាងហោច ១៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង Bucharest ។
អ្នកស្រុកទាំងអស់ត្រូវបានជម្លៀសចេញពីអគារ ហើយក្រុមជួយសង្រ្គោះ កំពុងចុះប្រតិបត្តិការរុករក ដើម្បីស្វែងរកអ្នកជាប់ខ្លួនក្នុងអគារ ។
ដោយឡែក សិស្សសាលា និងគ្រូបង្រៀននៅសាលាវិទ្យាល័យក្បែរនោះ ត្រូវបានជម្លៀសចេញផងដែរ ជាការប្រុងប្រយ័ត្នទុកជាមុន ៕
