បើតាមការផ្សាយនៃកម្មវិធីស៊ើបអង្កេត Report របស់ទូរទស្សន៍ បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះថា ការបំផ្ទុះគ្រាប់បែកនាពេលយប់ បានបំផ្លាញរថយន្តរបស់អ្នកសារព័ត៌មានអ៊ីតាលីដ៏ល្បីឈ្មោះមួយរូប គឺលោក Sigfrido Ranucci។

ជាមួយគ្នានេះ សេចកក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា រថយន្តរបស់កូនស្រីលោក Ranucci និងផ្នែកខាងមុខនៃគេហដ្ឋានរបស់លោក នៅភាគខាងត្បូងនៃទីក្រុងរ៉ូម ក៏រងការខូចខាតផងដែរ ក្នុងហេតុការណ៍ផ្ទុះនេះ ប៉ុន្តែមិនមាននរណាម្នាក់ស្លាប់ ឬរងរបួសនោះឡើយ។
លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni និងអ្នកនយោបាយជាច្រើនផ្សេងទៀត បានថ្កោលទោសការវាយប្រហារលើអ្នកសារព័ត៌មានរូបនេះដែលធ្វើការឲ្យទូរទស្សន៍សាធារណៈ RAI។
លោកស្រី Meloni «បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើនៃការបំភិតបំភ័យដ៏គួរឲ្យតក់ស្លុតនេះ» ដោយបានបន្ថែមថា «សេរីភាព និងឯករាជ្យភាពនៃសារព័ត៌មាន គឺជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យរបស់យើង ដែលយើងមិនអាចបោះបង់ចោល ហើយនឹងបន្តការពារ»។
កម្មវិធីព័ត៌មានរបស់លោក Ranucci បានលើកឡើងថា ការបំផ្ទុះនេះ គឺ «មានកម្លាំងគ្រប់គ្រាន់ដែលអាចសម្លាប់នរណាម្នាក់បាន» ដោយបានបញ្ជាក់ថា ការស៊ើបអង្កេតត្រូវបានដំណើរការហើយ៕

