អគ្គរដ្ឋអាជ្ញារុស្ស៊ីនិយាយថា នៅថ្ងៃសុក្រនេះ សមាជិកយុទ្ធជនអ៊ុយក្រែន ១៥នាក់ ត្រូវបានតុលាការយោធារុស្ស៊ី កាត់ទោសពីបទចូលរួមក្នុងអង្គការភេរវកម្ម និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលចន្លោះពី ១៥ឆ្នាំ ដល់ ២១ឆ្នាំ នៅពន្ធនាគារកម្រិតធ្ងន់ ។
យុទ្ធជនទាំងនេះ គឺជាសមាជិកកងវរសេនាតូចអ៊ុយក្រែន Aidar ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០២២ ។ ការកាត់ទោសរបស់ពួកគេធ្វើឡើងដោយកំបាំងមុខ នៅក្នុងតុលាការយោធា ស្ថិតនៅរដ្ឋធានី Rostov-on-Don ភាគខាងត្បូងរុស្ស៊ី ។

នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ុយក្រែន ជុំវិញសាលក្រមមួយនេះ ដែលក្រុមសិទ្ធិមនុស្សរបស់ពួកគេកាលពីមុនធ្លាប់បានចាត់ទុកដំណើរការកាត់ទោសរបស់រុស្ស៊ី ថាជារឿងដ៏គួរឲ្យអាម៉ាស់មុខ ។
ក្រុមសិទ្ធិមនុស្សរួមទាំងក្រុមសិទ្ធិមនុស្ស Memorial របស់រុស្ស៊ី បានចោទប្រកាន់ថា ការកាត់ទោសយុទ្ធជនទាំងនេះ បានបំពានអនុសញ្ញាក្រុងហ្សឺណែវស្តីពីការប្រព្រឹត្តទង្វើលើឈ្លើយសឹក ។
រុស្ស៊ីបានច្រានចោល ដោយពួកគេអះអាងថា ការចោទប្រកាន់នេះផ្អែកលើសកម្មភាពដែលមានតាំងពីរយៈពេល ៨ឆ្នាំមុនមកម្ល៉េះ មុនពេលចាប់ផ្តើមសង្រ្គាមពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។ យុទ្ធជនទាំងនេះ ពុំត្រូវបានចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនោះទេ ៕

