កម្រិតគុណភាពខ្យល់ប្រែជាអន់នៅក្នុងទីក្រុងញូវដែល្លី ប្រទេសឥណ្ឌានាថ្ងៃសុក្រនេះ ក្នុងនោះ កម្រិតភាគល្អិតខ្យល់កើនឡើងរហូតដល់ ២៥៩ នៅតាមតំបន់ជាច្រើននៅក្នុងរដ្ឋធានីមួយនេះ ។
កាលពីថ្ងៃពុធកន្លងទៅ តុលាការកំពូលឥណ្ឌា អនុញ្ញាតឲ្យប្រើប្រាស់ផាវនៅរដ្ឋធានីញូវដែល្លី ដែលស្ថិតនៅក្នុងចំណោមទីក្រុងមានកង្វក់បរិយាកាសអន់បំផុតនៅលើពិភពលោក មុនពិធីបុណ្យហិណ្ឌូ Diwali ។

ជាទូទៅ ពិធីបុណ្យនេះ គាប់ជួនជាមួយការកើនឡើងការបំភាយឧស្ម័នបណ្តាលមកពីការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជិតខាង ជាហេតុបង្កើនកំហាប់ភាគល្អិតនៅក្នុងខ្យល់ច្រើនដងលើសពីកម្រិតសុវត្ថិភាពកំណត់ដោយអង្គការសុខភាពពិភពលោក(WHO) ។
អគារប្រវត្តិសាស្រ្ត រួមទាំងវិមានអនុស្សាវរីយ៍សង្រ្គាមឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទ ។
ខណៈពេលនោះដែរ ប្រជាកសិករនៅរដ្ឋភាគខាងជើង Punjab ត្រូវបានគេមើលឃើញកំពុងដុតកាកសំណល់កសិកម្ម ។
សូមបញ្ជាក់ថា ប្រហែល ៣៨ភាគរយនៃកង្វក់បរិយាកាសនៅក្នុងរដ្ឋធានីញូវដែល្លី កាលពីឆ្នាំ ២០២៤ បណ្តាលមកពីការដុតជញ្ជ្រាំងស្រូវនៅរដ្ឋ Punjab និងរដ្ឋ Haryana ៕
