អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះ បានឲ្យដឹងថា ស្ថាប័ននឹងត្រូវការពេលវេលា ដើម្បីសម្រាលភាពអត់ឃ្លាន នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានជំរុញឲ្យបើកច្រកឆ្លងកាត់ទាំងអស់ចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។

អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ UN លោកស្រី Abeer Etefa បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «វានឹងត្រូវការពេលវេលាខ្លះ ដើម្បីកាត់បន្ថយភាពអត់ឃ្លាន» ដោយបញ្ជាក់ថា WFP មានកន្លែងចែកចាយចំនួន៥ ដែលកំពុងដំណើរការ ប៉ុន្តែចង់ឲ្យឡើងដល់ ១៤៥ចំណុច ដើម្បី «ធ្វើឲ្យតំបន់ហ្កាហ្សាពោរពាសទៅដោយស្បៀងអាហារ»។
លោកស្រីបានឲ្យដឹងទៀតថា WFP បាននាំយកអាហារប្រហែល ៥៦០តោន ក្នុងមួយថ្ងៃជាមធ្យមចូលទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើម ប៉ុន្តែវានៅតែទាបជាងកម្រិតដែលត្រូវការ។
លោកស្រី Etefa បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា៖ «យើងនៅតែធ្វើបានទាបជាងកម្រិតដែលយើងត្រូវការ ប៉ុន្តែយើងកំពុងទៅកាន់គោលដៅជាលំដាប់។ បទឈប់បាញ់បានបើកឱកាសយ៉ាងតូចចង្អៀត ហើយ WFP កំពុងដំណើរការយ៉ាងលឿន និងឆាប់រហ័ស ក្នុងការបង្កើនជំនួយស្បៀងអាហារ»៕


