អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការថ្កោលទោសការផ្លាស់ប្តូរមិនស្របតាមរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលម៉ាដាហ្គាស្កា ហើយលោកសូមអំពាវនាវឲ្យវិលត្រឡប់មករកសណ្តាប់ធ្លាប់រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋវិញ ។ នេះបើយោងតាមការអះអាងរបស់លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់គាត់ ។
លោក Michael Randrianirina ដែលជាមេដឹកនាំយោធាថ្មីរបស់ម៉ាដាហ្គាស្កា និយាយថា លោកនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃសុក្រនេះ ហើយលោកបើកទូលាយចំពោះកិច្ចពិភាក្សាជាមួយសហភាពអាហ្វ្រិក ក្រោយពួកគេផ្អាកសមាជិកភាពប្រទេសមួយនេះ បន្ទាប់ពីរដ្ឋប្រហារទម្លាក់តំណែងលោកប្រធានាធិបតី Andry Rajoelina ។
លោក Rajoelina ដែលក្រុមតំណាងរាស្រ្តបានចោទប្រកាន់លោក ក្រោយរត់ភៀសខ្លួនចេញទៅក្រៅប្រទេសកាលពីចុងសប្តាហ៍កន្លងទៅ បានថ្កោលទោសការដណ្តើមអំណាចនេះ ហើយលោកបានបដិសេធន៍ពុំព្រមចុះចេញពីតំណែងនោះឡើយ បើទោះបីជាមានបាតុកម្ម Gen Z ដឹកនាំដោយក្រុមយុវជនក៏ដោយ ។
សហភាពអាហ្វ្រិកបានប្រកាសកាលពីថ្ងៃពុធថា ប្លុកមួយនេះ បានផ្អាកសមាជិកភាពរបស់ម៉ាដាហ្គាស្កា ដោយសារផលប៉ះពាល់បន្ទាន់ បន្ទាប់ពីរដ្ឋប្រហារ ហើយពួកគេបានអំពាវនាវឲ្យមានការស្តាឡើងវិញអភិបាលកិច្ចដឹកនាំដោយស៊ីវិល ក៏ដូចជាការបោះឆ្នោត ។
ការផ្អាកដោយប្លុកមានសមាជិក ៥៥រដ្ឋមួយនេះ បានក្លាយជាបន្ទុកនយោបាយដ៏ធ្ងន់ធ្ងរមួយ ហើយនិងអាចធ្វើឲ្យថ្នាក់ដឹកនាំថ្មីរបស់ប្រទេសមួយនេះ ឯកា ៕