ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានរំលឹកជាថ្មីថា ប្រសិនបើ មិនជ្រើសយកផ្លូវចរចាទេ គឺមិនអាចបញ្ចប់បញ្ហាមីយ៉ានម៉ាបាននោះទេ ដោយសម្ដេច បានផ្ដល់បទពិសោធន៍ថា វិធីសាស្ត្ររបស់សម្តេច គឺពន្លត់ភ្លើងសង្គ្រាមជាមុនសិន ទើបដំណើរការប្រជាធិបតេយ្យ និងអ្វីៗទៅតាមក្រោយបាន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះ បានលើកឡើងជាថ្មីម្ដងទៀត អំពីបញ្ហាមីយ៉ាន់ម៉ា និងបានរំលឹកដល់អ្នកដែលរិះគន់សម្ដេចថា ការដែលសម្តេចទៅ មីយ៉ាន់ម៉ាថា សម្តេចគ្មានផលប្រយោជន៍អ្វីក្រៅតែពីចង់ជួយមីយ៉ាន់ម៉ា ឱ្យចេញផុតពីសង្គ្រាមនោះទេ។ អ្នកពេញចិត្ត ក៏ ពេញចិត្ត អ្នកមិនពេញចិត្ត ក៏មិនពេញចិត្ត គឺអាស្រ័យទៅលើគេ។ តែបើមិនជ្រើសយកមធ្យោបាយចរចាទេ កុំសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាបានឱ្យសោះ។
សម្តេចតេជោ បានរំលឹកដល់ប្រជាជន ឬពួកប្រឆាំងនៅមីយ៉ាន់ម៉ា ឬអ្នកណាដទៃទៀតនោះទេ គឺនឹងឃើញការប្រយុទ្ធគ្នាអត់ឈប់ ប្រសិនបើប្រកាន់យកបន្តតាមរបៀបបិទទ្វារ ហើយជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា របស់សម្តេច គឺមិនមែនទៅ១ថ្ងៃ ដោះស្រាយបានទេ ខណៈមីយ៉ាន់ម៉ា សាំញ៉ាំដោយបញ្ហាយោធារាប់ឆ្នាំមកហើយនោះ៕ អត្ថបទ៖ មុត សុទ្ធ
