រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយនៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះថា ហុងគ្រីនឹងធានាឲ្យបានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចចូលទៅក្នុងប្រទេស សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងធ្វើនៅទីក្រុង Budapest ហើយបន្ទាប់មកវិលត្រឡប់ទៅប្រទេសវិញដោយមិនមានបញ្ហាអ្វីទាំងអស់។
កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានយល់ព្រមឲ្យមានកិច្ចប្រជុំកំពូលលើកទី២ ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយរដ្ឋធានីរបស់ហុងគ្រី ដោយនិយាយថា វាអាចនឹងកើតឡើងក្នុងរយៈពេល ២សប្តាហ៍ខាងមុខ។ ចំណែកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជជែកជាមួយលោក Trump កាលពីថ្ងៃព្រហស្បតិ៍ និងបាននិយាយជាមួយលោក Putin នៅថ្ងៃសុក្រ ដោយបញ្ជាក់ថា ការរៀបចំត្រៀម «កំពុងដំណើរការទៅមុខយ៉ាងពេញទំហឹង»។
ការជ្រើសរើសទីក្រុង Budapest ដើម្បីរៀបចំការប្រជុំកំពូលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង។ លោក Putin ប្រឈមនឹងដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលហុងគ្រីកំពុងស្ថិតក្នុងដំណើរការដកខ្លួនចេញពីស្ថាប័ននេះ។ ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់របស់ ICC ដោយចាត់ទុកភស្តុតាងនៃដីកានេះថា ជាអរិភាពរបស់ប្រទេសលោកខាងលិច ចំពោះរុស្ស៊ី។
លោក Szijjarto បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងនឹងធានាឲ្យបានថា គាត់ (លោក Putin) ចូលប្រទេសហុងគ្រី ធ្វើកិច្ចពិភាក្សាប្រកបដោយជោគជ័យនៅទីនេះ ហើយបន្ទាប់មកវិលត្រឡប់ទៅប្រទេសវិញដោយមិនបញ្ហាអ្វីទាំងអស់។ យើងមិនចាំបាច់មានការពិគ្រោះជាមួយនរណាម្នាក់ឡើយ ព្រោះយើងជាប្រទេសមានអធិបតេយ្យ។ យើងនឹងទទួល (លោក Putin) ដោយការគោរព ធ្វើជាម្ចាស់ផ្ទះ និងផ្តល់ស្ថានភាពអំណោយផលដល់គាត់ ក្នុងការចរចាជាមួយប្រធានាធិបតីអាមេរិក»។
គួរបញ្ជាក់ថា លោក Orban ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមកហើយរបស់លោក Trump ដែលបានបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី បាននិយាយថា កិច្ចប្រជុំនេះ អាចប្រព្រឹត្តទៅក្នុងរយៈពេល ២សប្តាហ៍ខាងមុខ ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ី ដោះស្រាយបញ្ហាដែលនៅសេសសល់ នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក នាសប្តាហ៍ក្រោយ៕