មេដឹកនាំរដ្ឋប្រហារ នៅម៉ាដាហ្គាស្ការ គឺលោកវរសេនីយ៍ឯក Michael Randrianirina បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះ ដោយពិធីនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានគ្រប់គ្រងប្រទេសកោះនេះ ក្រោយមានការតវ៉ាដឹកនាំដោយយុវជន ដែលបានបង្ខំឲ្យអ្នកកាន់តំណែងមុនរបស់លោកធ្លាក់ពីអំណាច។
អតីតមេដឹកនាំ លោក Andry Rajoelina ដែលត្រូវបានសមាជិកសភាចោទប្រកាន់ទម្លាក់តំណែង បន្ទាប់ពីរូបលោកបានភៀសខ្លួនទៅក្រៅប្រទេស កាលពីចុងសប្តាហ៍កន្លងមកនោះ បានថ្កោលទោសការឡើងកាន់អំណាចនោះ ហើយបដិសេធមិនចុះចេញពីតំណែង ក្នុងអំឡុងពេលកំពុងនិរទេសនេះ បើទោះបីជាមានការរប្រឆាំងគ្រប់ទិសទី នៅក្នុងរង្វង់កងកម្លាំងសន្តិសុខ ហើយតុលាការធម្មនុញ្ញជាន់ខ្ពស់ បានផ្តល់សច្ចាប័នដល់ការគ្រប់គ្រងរបស់កងទ័ព ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកក៏ដោយ។
សហភាពអាហ្រ្វិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្កោលទោសរដ្ឋប្រហារនេះដែលបានកើតឡើងបន្ទាប់ពីមានការតវ៉ាប៉ុន្មានសប្ដាហ៍របស់ក្រុមយុវជនជំនាន់ក្រោយ «Gen Z» ដែលជាដំបូងត្រូវបានបង្កឡើងដោយបញ្ហាខ្វះខាតថាមពលធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។
ក្នុងពិធី នៅឯតុលាការធម្មនុញ្ញជាន់ខ្ពស់ លោក Randrianirina បាននិយាយថា៖ «ខ្ញុំនឹងបំពេញឲ្យបានពេញលេញ ម៉ឺងម៉ាត់ និងត្រឹមត្រូវនូវមុខតំណែងរបស់ខ្ញុំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋម៉ាដាហ្គាស្ការ»។
យ៉ាងណាក្ដី បើទោះបីជាយុវជនជាច្រើនបានអបអរសាទរ ចំពោះការបញ្ចប់អំណាចរបស់លោក Rajoelina ដែលបានចូលកាន់តំណែង ក្នុងរដ្ឋប្រហារឆ្នាំ២០០៩ ក៏ដោយ ក៏អ្នកខ្លះបានបង្ហាញពីមន្ទិលសង្ស័យរួចទៅហើយ អំពីភាពឆាប់រហ័សពេក ដែលកងទ័ពបានឈានជើងចូលមកបំពេញចន្លោះទំនេរនៃអំណាចនេះ។ សូម្បីតែក្រុមបាតុករ Gen Z ដែលបានក្រោកឡើងអបអរសាទរការចូលកាន់តំណែងរបស់មេដឹកនាំយោធាថ្មីនេះ ក៏មិនបានគិតថា ការងាររបស់ពួកគេបានបញ្ចប់សព្វគ្រប់នោះដែរ៕