វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះ បានឲ្យដឹងថា ជំនួបកំពូល រវាងប្រធានាធិបតីទាំង២ គឺលោក Vladimir Putin និងលោក Donald Trump អាចកើតឡើងទៅក្នុងរយៈពេល ២សប្តាហ៍ ឬក្រោយនោះបន្តិច ប៉ុន្តែថា មានរឿងជាច្រើនដែលត្រូវដោះស្រាយជាមុនសិន មុនពេលកាលបរិច្ឆេទ អាចត្រូវបានកំណត់។
កាលពីថ្ងៃទី១៦ ខែតុលា មេដឹកនាំអាមេរិក និងរុស្ស៊ី គឺលោក Trump និងលោក Putin បានព្រមព្រៀងគ្នាឲ្យមានកិច្ចប្រជុំកំពូលលើកទី២ ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលជាបណ្តោះអាសន្នយកទីក្រុង Budapest របស់ប្រទេសហុងគ្រី ដើម្បីធ្វើការរៀបចំ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែសីហា នៅរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក មិនអាចទម្លាយភាពទាល់ច្រកបាន។
អ្វីដែលសំខាន់នោះ គឺថា ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំ រវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាផ្គត់ផ្គង់ទីក្រុងគីវនូវមីស៊ីលតម្រង់គោលដៅ Tomahawk។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជជែកគ្នាទៅវិញទៅមកតាមទូរសព្ទ និងរៀបចំកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហាជាច្រើន នៅមុនជំនួបកំពូលនេះ។
លោក Peskov បានបញ្ជាក់ថា៖ «មានបញ្ហាជាច្រើន ហើយក្រុមចរចាត្រូវតែកំណត់ដោះស្រាយអ្វីៗគ្រប់យ៉ាង។ ម្ដងមួយជំហានៗ អ្វីនឹងត្រូវសម្រេចបានជាដំណាក់កាល ប៉ុន្តែជាការពិតណាស់ ឆន្ទៈរបស់ប្រធានាធិបតីទាំង២ គឺមានហើយ។ វា (កិច្ចប្រជុំកំពូល) ពិតជាអាចប្រព្រឹត្តទៅក្នុងរយៈពេល ២សប្តាហ៍ ឬក្រោយនោះបន្តិច។ មានការយល់ដឹងជាទូទៅថា គ្មានអ្វីគួរត្រូវបានពន្យារទៀតឡើយ»៕