លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមចូលរួមរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ នៅសាធារណរដ្ឋតួកគីយ៉េ នាពេលខាងមុខ
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមចូលរួមរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាធារណរដ្ឋតួកគីយ៉េ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំនៃអន្តរក្រសួង-សា្ថប័នពាក់ព័ន្ធ ជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យពាក់ព័ន្ធ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការគយ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគីយ៉េ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ហាឡាល ស្តង់ដារនីយកម្ម មាត្រាសាស្រ្ត សហគ្រាសធុនតូច និងមធ្យម កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធនធានទឹក ជីវចម្រុះ ការដឹកជញ្ជូន សុខាភិបាល ការអប់រំ និងទេសចរណ៍។ល។




