រដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែតុលាថា ប្រទេសហុងគ្រី នឹងធានាថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចចូលនិងចាកចេញពីប្រទេសនេះដោយសុវត្ថិភាពសម្រាប់ជំនួបកំពូលដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅទីក្រុង Budapest ។
លោក Trump បានព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ដើម្បីរៀបចំជំនួបកំពូលលើកទីពីរជាមួយលោកPutinនៅរដ្ឋធានីប្រទេសហុងគ្រីក្នុងរយៈពេលពីរសប្តាហ៍ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ការរៀបចំកំពុងដំណើរការទៅមុខទាំងស្រុង បន្ទាប់ពីបានពិភាក្សាជាមួយមេដឹកនាំទាំងពីរ។

ជំនួបនេះនឹងកត់សម្គាល់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកPutinទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនជាចំណាត់ការដែលទីក្រុងមូស្គូបានច្រានចោលថាជាហេតុផលនយោបាយ។ ប្រទេសហុងគ្រី ដែលស្ថិតក្នុងដំណើរការដកខ្លួនចេញពីតុលាការ ICC បានបង្ហាញសញ្ញាថាខ្លួននឹងមិនធ្វើតាមដីកានោះឡើយ។
អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយថា ប្លុកនេះនឹងស្វាគមន៍រាល់កិច្ចចរចាដែលអាចជួយនាំមកនូវសន្តិភាពដល់អ៊ុយក្រែន ដោយនិយាយថាខណៈ លោកPutin ស្ថិតនៅក្រោមការបង្កកទ្រព្យសកម្ម ប៉ុន្តែលោកមិនទទួលរងបម្រាមធ្វើដំណើរនោះទេ។
