ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃសុក្រ ថា ខ្លួននឹងផ្ទេរសាកសពចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ទៀតទៅកាន់កាកបាទក្រហម ដោយអ៊ីស្រាអែលបញ្ជាក់ថា ការប្រគល់នេះធ្វើឡើងភ្លាមៗក្រោយពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ក្នុងពេលមានភាពតានតឹងជុំវិញការពន្យារពេលក្នុងការប្រគល់សាកសព ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។
អ៊ីស្រាអែល បាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានទទួលសាកសពចំនួន៩នាក់ក្នុងចំណោមសាកសព ២៨នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។ ក្រុមហាម៉ាស ដោយលើកឡើងពីការលំបាកផ្នែកបច្ចេកទេស បាននិយាយថា ខ្លួនត្រូវការគ្រឿងចក្រធុនធ្ងន់និងឧបករណ៍ជីកកាយរក ដើម្បីស្វែងរកសាកសពបន្ថែមទៀតដែលកប់នៅក្រោមគំនរបាក់បែក។

ទោះជាយ៉ាងណា ក្រុមមន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសពីភាពជាប់គាំង ដោយទទូចថាក្រុមនេះដឹងពីទីតាំងនៃសាកសពរបស់ចំណាប់ថ្នូរ ហើយនឹង «អស់ពេល» ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់។ ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងប្រគល់សាកសពទាំងអស់ដែលនៅសល់។ នៅក្នុងសេចក្តីថ្លែងការណ៍ ស្លាបប្រដាប់អាវុធរបស់ក្រុមនេះបាននិយាយថា ខ្លួនបានរកឃើញសាកសពថ្មីម្នាក់ទៀត ហើយនឹងបញ្ជូនទៅឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។ ជម្លោះនេះបានបន្ថែមភាពតានតឹងដល់បទឈប់បាញ់ដ៏ផុយស្រួយ ដែលជាដំណាក់កាលដំបូងនៃផែនការ២០ចំណុចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអង់ការ៉ា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានព្រមានថា សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលអំពីការពន្យារពេលរបស់ក្រុមហាម៉ាស ថា «គួរឱ្យព្រួយបារម្ភ»។
