ក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះកម្ពុជា កំពុងអនុវត្តការកាត់បន្ថយគម្លាត រវាងអ្នកក្រុង និងអ្នកជនបទ តាមរយៈការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងការកសាងនូវធនធានមនុស្ស ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៧ ខែកុម្ភៈនេះ ក្នុងខេត្ត ក្រចេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាកថា ការកសាងនូវសាលារៀន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ភ្ជាប់ទៅដល់ទីជនបទ ការតភ្ជាប់បណ្ដាញអគ្គិសនី និងទឹកស្អាតនេះហើយ គឺជាការកាត់បន្ថយនូវគម្លាតទីក្រុង និងជនបទ ដោយរាជរដ្ឋាភិបាល មិនទុកឲ្យទីជនបទគ្មានការអភិវឌ្ឍនោះទេ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅខេត្តក្រចេះ មាន ការតភ្ជាប់បណ្ដាញអគ្គិសនី បានប្រមាណជា៨០ភាគរយ ដោយភូមិនៅសេសសល់ គឺជាភូមិនៅដាច់ ស្រយាល ឬភូមិតូចៗទើបបង្កើតថ្មី។ ខេត្តក្រចេះ មាន៥ស្រុក, ៤៣ឃុំសង្កាត់ និង២៩៥ភូមិ ហើយមាន សកលវិទ្យាល័យ១កន្លែង, វិទ្យាល័យចំនួន១២កន្លែង អនុវិទ្យាល័យចំនួន៤៣កន្លែង មានបឋមសិក្សា ចំនួន ២៨៦កន្លែង និងមានមត្ដេយ្យសិក្សាចំនួន ១០២កន្លែង ៕អត្ថបទ៖ បាន សុខរិទ្ធ






