មួយសប្តាហ៍ស្ថិតក្នុងបទឈប់បាញ់ អ៊ីស្រាអែលបានបន្តបិទច្រកព្រំដែន Rafah នៅតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ទោះបីជាមានការអំពាវនាវពីអន្តរជាតិដដែលៗដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយទ្រង់ទ្រាយធំក៏ដោយ។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់និងធ្វើឲ្យរងរបួសពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅតំបន់ហ្កាហ្សាភាគខាងជើង។ អង្គការសហប្រជាជាតិបានព្រមានថា មានវឌ្ឍនភាពតិចតួចក្នុងការដឹកជញ្ជូនជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ហើយជំនួយត្រូវតែចូលតាមច្រកព្រំដែនទាំងអស់ដើម្បីបំពេញតម្រូវការមនុស្សធម៌បន្ទាន់។ នៅក្រោមកិច្ចព្រមព្រៀងដើម្បីបញ្ចប់អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៦៧.០០០នាក់ក្នុងរយៈពេលពីរឆ្នាំមកនេះ អ៊ីស្រាអែលត្រូវអនុញ្ញាតឱ្យមានការបង្កើនការដឹកជញ្ជូនជំនួយ។

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ក្បួនរថយន្តដឹកជំនួយកំពុងព្យាយាមដើម្បីបានទៅដល់តំបន់រងគ្រោះទុរ្ភិក្សនៅភាគខាងជើងតំបន់ហ្កាហ្សា ដោយសារផ្លូវនានាត្រូវបានទម្លាក់គ្រាប់បែក និងការបន្តបិទផ្លូវសំខាន់ៗផ្សេងទៀត ចូលទៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធមួយនេះ។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ខ្លួនបាននាំយកស្បៀងជាមធ្យមចំនួន៥៦០ តោនក្នុងមួយថ្ងៃទៅកាន់តំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមកាលពីសប្តាហ៍មុន ប៉ុន្តែបរិមាណនេះនៅតែទាបជាងអ្វីដែលត្រូវការ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមានស្បៀងគ្រប់គ្រាន់សម្រាប់ជំនួយដល់ប្រជាជនតំបន់ហ្កាហ្សាទាំងអស់សម្រាប់រយៈពេលបីខែ។
ប្រធានផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយនៅសប្តាហ៍នេះថា រថយន្តដឹកជំនួយរាប់ពាន់គ្រឿងនឹងត្រូវចូលរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ការភៀសខ្លួន និងការដួលរលំនៃហេដ្ឋារចនាសម្ព័ន្ធ។
