ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា បាននិយាយថា ប្រទេសអេស្ប៉ាញ មិន«ស្មោះត្រង់ចំពោះសម្ព័ន្ធយោធាណាតូទេ» ហើយគួរតែត្រូវបានស្តីបន្ទោស។ កាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថា លោកមិនសប្បាយចិត្តជាខ្លាំងជាមួយប្រទេសអេស្ប៉ាញ ដែលបានក្លាយជាប្រទេសតែមួយគត់បដិសេធគោលដៅចំណាយថ្មី៥% នៃទិន្នផលសេដ្ឋកិច្ច ហើយលោកកំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសនៅមេឌីទែរ៉ាណេមួយនេះ។

លោកប្រធានាធិបតី Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ លោក Zelenskyy នៅសេតវិមានកាលពីថ្ងៃសុក្រថា ប្រទេសអេស្ប៉ាញគួរតែត្រូវបាន «ស្តីបន្ទោស» សម្រាប់ការមិនបំពេញតាមការចំណាយលើវិស័យយោធាថ្មី និងខ្ពស់ជាងមុន ដែលត្រូវបានដាក់ចេញដោយសម្ព័ន្ធយោធាណាតូ ។
លោក Trump បាននិយាយថា «អេស្ប៉ាញមិនស្របតាមទេ។ អេស្បាញពុំមានភាពស្មោះត្រង់ចំពោះសម្ព័ន្ធតូទេ ហើយមានតែប្រទេសនេះតែមួយគត់»។ «គេគ្រប់គ្នាបានបង្កើន ដូចអ្នកដឹងហើយ ខ្ញុំចង់មានន័យថា អ្នកចំណាយ២% ហើយពួកគេទាំងអស់បានបង្កើនដល់៥% ប៉ុន្តែអេស្ប៉ាញមិនយល់ស្របនឹងរឿងនេះទេ។ ខ្ញុំគិតថា អេស្ប៉ាញគួរតែត្រូវបានស្តីបន្ទោសចំពោះរឿងនេះ»។
«ខ្ញុំគិតថា វាមិនប្រសើរទេដែលធ្វើបែបនេះ ប៉ុន្តែវាអាស្រ័យលើប្រទេសនេះ និងអាស្រ័យលើសម្ព័ន្ធយោធា NATO និងអេស្ប៉ាញ»។
