ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីរៀបចំកិច្ចពិភាក្សាជុំថ្មីមួយផ្សេងទៀត នៃការចរចាពាណិជ្ជកម្មក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ព្យាយាមបញ្ចៀសសមរភូមិសងសឹកគ្នាលើការដំឡើងពន្ធមួយផ្សេងទៀតដែលបានប៉ះពាល់ទាំងសងខាង។
ទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុនបានប្រកាសរឹតបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មរ៉ែកម្រដ៏សំខាន់ ដែលជំរុញឲ្យប្រធានាធិបតីអាមេរិក Donald Trump គំរាមដំឡើងពន្ធ១០០% លើការនាំចូលរបស់ចិនជាការសងសឹក។

លោក Trump ក៏បានគំរាមផងដែរ ថានឹងលុបចោលជំនួបតាមការរំពឹងទុករបស់លោកជាមួយសមភាគីចិន លោក Xi Jinping ក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ។
ក្នុងការចង្អុលបង្ហាញចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរបស់ប្រទេសទាំងពីរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថាឧបនាយករដ្ឋមន្ត្រី He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent មានការផ្លាស់ប្តូរទស្សនៈប្រកបដោយស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទនៅព្រឹកថ្ងៃសៅរ៍នេះ ហើយថាភាគីទាំងពីរបានយល់ព្រមរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Bessent បានហៅការពិភាក្សានោះថា ប្រកបដោយភាព ស្មោះត្រង់ និងលម្អិត ហើយបាននិយាយថាពួកលោកនឹងជួបគ្នាដោយផ្ទាល់នៅសប្តាហ៍ក្រោយដើម្បីបន្តការពិភាក្សា៕

