ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកមានកិច្ចប្រជុំប្រកបដោយផ្លែផ្កាជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការធានាសន្តិសុខ។
លោក Zelenskyy បាននិយាយកាលពីថ្ងៃសុក្រ១៧ តុលា ថា ពួកលោកជឿជាក់ថាលោក Trump ចង់បញ្ចប់សង្រ្គាមនេះ ។

លោក Zelenskyy បាននិយាយថា រូបលោកបានមានជំនួបតាមទូរស័ព្ទជាមួយក្រុមមេដឹកនាំអឺរ៉ុបបន្ទាប់ពីការពិភាក្សារបស់លោកជាមួយលោក Trump ហើយបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា រូបលោក ជឿជាក់លើឆន្ទៈរបស់លោក Trump ក្នុងការជួយបញ្ចប់សង្គ្រាមនេះ។
ខណៈលោក Trump មិនបានច្រានចោលការផ្តល់មីស៊ីលតម្រង់គោលដៅ Tomahawk រយៈចម្ងាយឆ្ងាយដែលលោក Zelenskyy ស្វែងរកនោះ លោក Trump ហាក់ដូចជាបន្ទាបការរំពឹងទុក ខណៈលោកសម្លឹងឆ្ពោះទៅមុខលើកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងប្រទេសហុងគ្រីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
បន្ទាប់ពីបាននិយាយជាមួយមេដឹកនាំអ៊ុយក្រែនរូបនេះ អស់រយៈពេលជាងពីរម៉ោង លោក Trump បានចេញការអំពាវនាវយ៉ាងម៉ឺងម៉ាត់ ទៅកាន់ភាគីទាំងសងខាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យ បញ្ឈប់ការកាប់សម្លាប់ និងធ្វើកិច្ចព្រមព្រៀងមួយបញ្ចប់សង្គ្រាម៕

