ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ អនុញ្ញាតឲ្យ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត (Implementation Support Unit_ISU) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា_APMBC) និងលោក Gregory Cathcart មន្រ្តីជាន់ខ្ពស់ ISU ដែលមានទីស្នាក់នៅប្រទេសស្វីស ចូលជួបពិភាក្សាការងារស្តីពីការពង្រឹងភាពដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន។
លោក Juan Carlos Ruan បានបម្រើការងារជានាយក ISU តាំងពីឆ្នាំ២០១៦ និងបានជួយគាំទ្រដល់ការអនុវត្តខ្លឹមសារអនុសញ្ញាអូតាវ៉ាទៅគ្រប់សមាជិករដ្ឋភាគីទាំងអស់។
គណៈប្រតិភូ ISU-APMBC បំពេញបេសកកម្មនៅកម្ពុជា រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៦-១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងតាមដានការអនុវត្តការងារបោសសម្អាតមីនរបស់កម្ពុជា ឲ្យស្របទៅនឹងផែនការដែលបានអនុម័តឲ្យកម្ពុជាពន្យារពេលលើកទី២ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស និងជួយគាំទ្រកម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីនឲ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា។
គណៈប្រតិភូ ISU-APMBC គ្រោងនឹងជួយពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរមីន, គណៈកម្មការ JBC កម្ពុជា-ថៃ, មន្រ្តី UNDP នៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល, CMAC, NPA, Halo Trust, MAG, មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) និងភាគីពាក់ព័ន្ធដទៃទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់គណៈប្រតិភូ ISU-APMBC នៅកម្ពុជា ព្រមទាំងបានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការផ្តល់ប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសដល់ការងារបោសសម្អាតមីន ក្នុងនាមកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសលើសំណើសុំពន្យាពេលបោសសម្អាតមីនរបស់កម្ពុជាលើកទី១ និងលើកទី២។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជា ធ្លាប់បានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី១ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលដឹងថាមានគ្រាប់មីនទាំងអស់ឲ្យរួចរាល់ត្រឹមឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ឆ្នាំនោះ ផ្ទៃដីប្រមាណជាង ៥៧៧ ម៉ែត្រក្រឡា សរុបចំនួន ៨,២៩០ ចម្ការមីន បានបោសសម្អាតរួច មីនប្រឆាំងមនុស្ស ១០១,៤២៤ គ្រាប់ មីនប្រឆាំងរថក្រោះ ១,៥៦០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៧៣,២៣១ គ្រាប់ ប៉ុន្តែផ្អែកតាមការវាយតម្លៃលទ្ធភាព កម្ពុជានៅតែមិនអាចសម្រេចបានតាមគោលដៅឆ្នាំ២០១៩។
ឯកឧត្តមបន្តថា បន្ទាប់ពីការពិនិត្យឡើងវិញ និងស្របតាមស្មារតីនៃ “សេចក្តីថ្លែងការណ៍ម៉ាពុយតូ+១៥” កាលពីឆ្នាំ២០១៤ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី២ រយៈពេល០៦ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សំដៅធ្វើការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់គណៈប្រតិភូអំពីបញ្ហាមីននៅកម្ពុជា ថា “ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ១៩៩៨។ ក្រោមនយោបាយ ឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុងឆ្នាំ ១៩៩៨ កម្ពុជា ទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគំរាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលរយៈពេលជិត ៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងមានការចូលរួមចំណែកគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦ គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦ នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២,០១៧ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន។
ឯកឧត្តម បន្តទៀតថា ឆ្នាំ២០២២នេះ កម្ពុជាមានបំណងរៀបចំពិធីអបអរសាទររំលឹកខួបទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា (១៩៩២-២០២២) ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គភាព ISU-APMBC ជួយគាំទ្រដល់ការងារបច្ចេកទេសសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបានស្នើសុំ អង្គភាព ISU-APMBC ជួយកៀរគរធនធានបន្ថែមពីសហគមន៍ផ្តល់ជំនួយ គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។
លោក Juan Carlos Ruan បានអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុក ចាត់ចែង និងរៀបចំឲ្យមានរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់សម្រាប់ការងារសម្របសម្រួល និងគ្រប់គ្រងវិស័យសកម្មភាពមីនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានលើការងារបោសសម្អាតមីននាពេលកន្លងមក ទោះបីមានរីករាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ៕




