ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃសៅរ៍ ១៨ តុលា ខណៈក្រុមអ្នកជំនាញអាកាសធាតុបានព្រមានពីទឹកជំនន់នៅតាមឆ្នេរសមុទ្រមុនពេលការវាយលុករបស់ព្យុះត្រូពិក Fengshen ។
សេវាអាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយថា ព្យុះនេះត្រូវគេព្យាករណ៍ថានឹងបោកបក់លើកោះ Catanduanes ជាកោះមានមនុស្សប្រជាជនចំនួន២៧០.០០០នាក់ រស់នៅ ពេលល្ងាចថ្ងៃសៅរ៍ នេះ ដោយមានកម្លាំងខ្យល់បក់រហូតដល់៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ការបោកបក់ដល់ដីគោកជាលើកទីពីរ ត្រូវគេរំពឹងទុកនៅលើកោះ Luzon នៅព្រឹកថ្ងៃអាទិត្យ។
សេវាអាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយថាព្យុះ Fengshen នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យពីតិចតួចទៅមធ្យម នៃទឹកជំនន់តាមតំបន់ឆ្នេរសមុទ្រដែលនឹងមានរលកកម្ពស់ពី១ទៅ២ ម៉ែត្រ។
មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា អ្នកស្រុកជិត១៧.០០០នាក់ ក្នុងខេត្ត Albay ភាគខាងកើតរបស់ប្រទេសហ្វីលីពីន រួមជាមួយនឹងជាង៩.០០០នាក់ នៅកោះ Catanduanes ដែលនៅជិតនោះបានផ្លាស់ទៅកាន់ទីទួលសុវត្ថិភាពហើយ៕
