ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមានឯកឧត្ដម ដូណាល់ ត្រាំ និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ធ្វើជាសាក្សីផងដែរ។
កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះ។ នេះបើតាមឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្ដមប្រមុខការទូតកម្ពុជាបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនេះ ក៏មានវត្តមានឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ។
តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមកម្ពុជាបានថ្លែងអំណរគុណដល់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក, ភាគីចិន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ ដែលបានចូលរួមសម្របសម្រួល ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះផងដែរ។
កម្ពុជា-ថៃបានមានសង្គ្រាមព្រំដែនជាមួយគ្នារយៈពេលប្រាំថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្ក ដា ឆ្នាំ២០២៥។ នៅក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង ១២ យប់នៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួចមក, ភាគីទាំងពីរកម្ពុជា-ថៃ បានប្រឹងប្រែងចរចា ដើម្បីធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ តាមរយៈការសម្របសម្រួលពីអាម៉េរិក, ចិន និងប្រទេសនានាជាច្រើនទៀត។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរនៅចុងខែនេះ ត្រូវបានរំពឹងទុកជាមុនថា នឹងធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពអង្វែងយូរទៅមុខ៕
ដោយ៖ គង់ ឌិន
