ប្រជាជនយេម៉ែនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Sanaa កាលពីថ្ងៃសុក្រ ចូលរួមការតវ៉ាប្រចាំសប្តាហ៍ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
ក្រុមបាតុករបានកាន់ទង់ជាតិប៉ាឡេស្ទីន និងយេម៉ែន រួមជាមួយនឹងរូបថតរបស់ប្រមុខយោធាក្រុមហ៊ួទី លោក Mohammed Abdulkarim al-Gumari ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដាក់គោលដៅលើមេដឹកនាំក្រុម ហ៊ួទី កាលពីខែសីហា។

ក្រុម ហ៊ួទី បានបញ្ជាក់ពីការស្លាប់របស់លោក កាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានរាយការណ៍ថាលោក al-Gumari កូនប្រុសអាយុ ១៣ ឆ្នាំរបស់លោក និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ត្រូវបានសម្លាប់។ ក្រុម ហ៊ួទី ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារ ឬអ្នកផ្សេងទៀតដែលបានស្លាប់នោះទេ។
គេនៅតែមិនច្បាស់ថាតើក្រុមហ៊ួទី នឹងឆ្លើយតបយ៉ាងណានោះទេ។ ក្រុមនេះ បានបញ្ឈប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីសប្តាហ៍មុន៕
