ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការព្រមានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាកំហិតទៅលើអតីតបុគ្គលិកណាហ្គាវើល ក្នុងករណីបន្តប្រមូលផ្តុំ និងមិនអនុវត្តការធ្វើចត្តាឡីស័កត្រឹមត្រូវ ខណៈការអនុវត្តនេះ ជាការធានាការពារដល់សុខភាពសាធារណៈពីការរីករាលជំងឺកូវីដ១៩។
ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការចាត់វិធានការជាបន្ទាន់ចំពោះការរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មីជាបន្តបន្ទាប់លើលក្រុមបាតុករអតីតបុគ្គលិក Naga World គិតត្រឹមថ្ងៃទី៦ ម្សិលមិញ ក្រុមគ្រូពេទ្យធ្វើតេស្តអ្នកវិជ្ជមានកូវីដ១៩ ដែលជាបាតុករអតីតបុគ្គលិក Naga World កើនឡើងចំនួន២៩នាក់។
លោក បន្តថា តាមរយៈវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្លើយតប ដើម្បីទបស់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានតម្រូវឲ្យក្រុមបាតុករដែលអវិជ្ជមានទាំងអស់ត្រូវអនុវត្តដោយធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ឬធ្វើចត្តាឡីស័កតាមផ្ទះរបស់ខ្លួនតាមនីវិវិធី និងវិធានការប្រតិបត្តិស្តង់ដារ (SOP) ដែលបានកំណត់ ខណៈក្រុមបាតុករទាំងអស់ត្រូវបានចាត់ទុកជាអ្នកប៉ះពាល់ផ្ទាល់តាមរយៈសកម្មភាពប្រមូលផ្តុំនៅសាធារណៈ។
ឆ្លើយតបចំពោះការតាមដាន និងពិនិត្យការធ្វើចត្តាឡីស័កតាមផ្ទះ លោក កើត ឆែ បានបញ្ជាក់ថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នឹងសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីកំណត់អាស័យដ្ឋាន និងចុះពិនិត្យឲ្យបានម៉ត់ចត់ធានាថាការអននុវត្តធ្វើចត្តាឡីស័ករបស់ពូកគាត់ត្រឹមត្រូវ ខណៈក្នុងករណីមិនបានអននុវត្តការធ្វើចត្តាឡីកត្រឹមត្រូវនឹងប្រឈមវិធានការដ្ឋបាល និងវិធានការច្បាប់។
ជុំវិញការប្រមូលផ្តុំរបស់បាតុករអតីតបុគ្គលិក Naga Worldនេះ លោក កើត ឆែ បានព្រមានអនុវត្តវិធានការច្បាប់ប្រសិនជាក្រុមបាតុករបន្តប្រមូលផ្តុំ ដោយហេតុផលអាជ្ញាធរមិនអាចបណ្តែតបណ្តោយឲ្យក្រុមបាតុករយកវិវាទរបស់ខ្លួនទៅបង្កជាការបំផ្លាញសុខភាពសាធារណៈដោយការបន្តរីករាលដាលជំងឺកូវីដ១៩បានឡើយ។
លោក កើត ឆែ បានទទូចសូមប្រជាពលរដ្ឋជាបាតុករអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ៗគ្នា ក៏ដូជាប្រជាពលរដ្ឋដែលតែងចូលរួមគ្រប់សកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឬព្រឹត្តិការណ៍២០កុម្ភៈកន្លងទៅ សូមបងប្អូនបន្តចូលរួមទប់ស្កាត់បន្តទៀត ជាពិសេសបើប្រជាពលរដ្ឋរកឃើញក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលត្រូវរាយការណ៍ទៅអាជ្ញា ដើម្បីទប់ស្កាត់ការរីករាលដាលជាទ្រង់ទ្រាយធំចូលក្នុងសហគមន៍៕ អត្ថបទ៖ ឧត្តម

