ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលទទួលបានសាកសពមនុស្ស ២នាក់ ពីតំបន់ហ្កាហ្សាដែលក្រុមហាម៉ាសនិយាយថា ជាសាកសពចំណាប់ថ្នូរ ។
សាកសពដែលត្រូវបានបញ្ជូនតាមរយៈកាកបាទក្រហមដល់កងកម្លាំងអ៊ីស្រាអែលនេះ ត្រូវបានដឹកទៅកាន់ប្រទេសអ៊ីស្រាអែល ហើយនិងត្រូវកំណត់អត្តសញ្ញាណជាផ្លូវការ ។ នៅមុននេះ ក្រុមហាម៉ាសនិយាយថា សាកសពនេះ ត្រូវបានរកឃើញនៅក្នុងដែនដីប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ។
នៅមុនថ្ងៃសៅរ៍ម្សិលមិញ សាកសកចំណាប់ថ្នូរ ១០នាក់ ក្នុងចំណោមចំណាប់ថ្នូរស្លាប់ ២៨នាក់ ត្រូវបានប្រគល់ជូនអ៊ីស្រាអែល ។ ការពន្យាប្រគល់សាកសពចំណាប់ថ្នូរ បានធ្វើឲ្យអ៊ីស្រាអែលខឹងសម្បារយ៉ាងខ្លាំង ស្របពេលដែលលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់កាលពីសប្តាហ៍មុន កំណត់ឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ពីតំបន់ហ្កាហ្សា ទាំងអ្នកនៅរស់ និងអ្នកបានស្លាប់ ។
ក្រុមហាម៉ាសនិយាយថា ពួកគេពិបាកស្វែងរកសាកសពនៅសេសសល់ដែលជាប់ក្រោមគំនរបាក់បែកអគារ ។
ខណៈពេលនោះដែរ ការិយាល័យរបស់លោក Benjamin Netanyahu បញ្ជាឲ្យបិទច្រកឆ្លងកាត់ព្រំដែន Rafah រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប រហូតដល់មានការជូនដំណឹងបន្ថែមទៀត ហើយពួកគេនិយាយថា ការបើកច្រកព្រំដែនេះឡើងវិញ នឹងត្រូវពិចារណាដោយផ្អែកលើការវិលត្រឡប់មកវិញរបស់សាកសពចំណាប់ថ្នូរ ហើយនិងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ។
ច្រកព្រំដែន Rafah ចាំបាច់សម្រាប់ជនប៉ាឡេស្ទីនដែលចង់ចាកចេញដើម្បីជំនួយវេជ្ជសាស្រ្ត ហើយនិងសម្រាប់ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលចង់វិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញ ។
កងកម្លាំងការពារអ៊ីស្រាអែល បានធ្វើការសង្កត់ធ្ងន់ថា ក្រុមហាម៉ាសត្រូវតែរក្សាកិច្ចព្រមព្រៀង និងចាត់វិធានការចាំបាច់ ក្នុងការប្រគល់ចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញ ៕